Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្រ្តី​ ក្នុងអាណត្ដិថ្មី ពោរពេញដោយចំណេះដឹង សមត្ថភាព

ឧត្តរមានជ័យ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងក្លាយជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ នឹងទទួលកេរមរតកជាប្រវត្តិសាស្រ្តពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំការពារ កសាងជាតិមាតុភូមិ ក្នុងការធានាឲ្យបាននូវសុខសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍរយៈពេលវែង។

ការលើកឡើងបែបនេះ ក្នុងខណៈពេលដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ អញ្ជើញបើកយុទ្ធនាការអប់រំអំពី​គ្រោះថ្នាក់​ដោយ​សារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅស្រុកអន្លង់វែង ​ខេត្តឧត្តរមានជ័យ ដែលជាតំបន់ប្រវត្តិសាស្ដ្រកាន់កាប់ចុងក្រោយ ​នៃចលនារបបខ្មែរក្រហម។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបន្តទៀតថា សន្តិភាពដែល សម្តេចតេជោ ហ៊ុន សែន បានស្វែងរកមកយ៉ាងលំបាក និងពលីគ្រប់បែបយ៉ាង បានរកឃើញអ្នកបន្តវេនហើយ គឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាឥស្សរជនជាតិដ៏ឆ្នើម និងជាបញ្ញាវ័ន្តខ្មែរ ពោរពេញដោយចំណេះដឹង សមត្ថភាព និងតែងតែគិតគូរពីឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។

ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការគោរពដឹងគុណ កត្តញ្ញូតាធម៌ និង​ចងចាំជានិច្ចចំពោះស្នាដៃជាប្រវត្តិសាស្រ្ត និងវីរភាព ​ដ៏ឧត្តុង្គឧត្តមរបស់​សម្តេចតេជោ នាយករដ្ឋមន្រ្តី ជារដ្ឋបុរស និងបិតាសន្តិភាព ដែលបានសង្រ្គោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍ និងបានធ្វើឲ្យទឹកដីកម្ពុជាទាំងមូលបាន ​ឯកភាពជាតិ ប្រកបដោយសន្តិភាព ស្ថិរភាព។ សម្តេចតេជោ ហ៊ុន សែន ​បាននាំមកនូវជីវិតថ្មី និងអនាគតថ្មីសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាមួយនឹងការតាំងចិត្តខ្ពស់ និងចក្ខុវិស័យដឹកនាំច្បាស់លាស់។

ឆ្លៀតយកឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ​បងប្អូន​ប្រជាពលរដ្ឋស្រុកអន្លង់វែងទាំងអស់ ​ដែលបានចូលរួមជាមួយសម្តេចតេជោ ទម្លាក់អាវុធ​ដើម្បីជ្រើសរើសយកការរួបរួមជាតិខ្មែរតែមួយក្រោមម្លប់សន្តិភាព ​ព្រមទាំងបានផ្តល់នូវការគាំទ្រ និងការជឿទុកចិត្តជូនសម្តេចតេជោ តាមរយៈសន្លឹតឆ្នោតកន្លងទៅនេះ។ សន្លឹកឆ្នោតរបស់បងប្អូន ពិតជាមានតម្លៃណាស់ ​និងបានបង្ហាញពីការតាំងចិត្តខ្ពស់ដើម្បីគាំទ្រសន្តិភាព​ គាំទ្រសម្តេចតេជោ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ដោយឡែកពាក់ព័ន្ធនឹងសកម្មភាពមីនដែលជាកេរមរតកសង្រ្គាមនៅកម្ពុជា ​សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវចក្ខុវិស័យដឹកនាំច្បាស់លាស់ក្នុងការបញ្ចប់វត្តមានគ្រាប់មីននៅកម្ពុជា ព្រមទាំង បានថ្លែងបញ្ជាក់ថា ទោះបីស្ថិតក្នុងតម្លៃណាដោយ ត្រូវតែបោសសម្អាតមីនឲ្យអស់ពីទឹកដី​កម្ពុជា ដែលឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តគាំទ្រយ៉ាងពេញទំហឹងក្នុងការដោះស្រាយ​បញ្ហាមីន​ ដើម្បីផ្តល់សុខសុវត្ថិភាពដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។

ក្នុងពិធីបើកយុទ្ធនាការនេះផងដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ខេត្តឧត្តរមានជ័យ គឹជាខេត្តមួយដែលមានជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម​ច្រើន​លំដាប់ទី ៤ ក្នុងចំណោមខេត្តដែលមានជនរងគ្រោះច្រើនជាងគេ ​បន្ទាប់ពីខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ​និងខេត្តសៀមរាប។

ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំឲ្យប្រតិបត្តិករជាតិ អន្តរជាតិទាំងអស់ ផ្តល់​នូវកិច្ចសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បង្កើនការចូលរួមឱ្យបានកាន់តែខ្លាំង​ក្លា​ថែមទៀត ក្នុងការអប់រំ និងផ្សព្វផ្សាយការយល់ដឹងអំពីគ្រោះថ្នាក់​ ដោយសារគ្រាប់មីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាមដល់ប្រជាសហគមន៍ ​សិស្សានុសិស្ស និងកុមារា កុមារី ដែលរស់នៅ​ក្បែរតំបន់ដែលមានចម្ការមីន និងតំបន់ដែលមានបន្សល់នូវសំណល់ជាតិ​ផ្ទុះពីសង្គ្រាម៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *