ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះ មានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាល បញ្ជាក់ថា ត្រូវបានទុកជាមោឃៈ នូវសេចក្តីសម្រេចលេខ៦៨៦៩ អបស/ឱអបស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ។
អាស្រ័យដូច្នេះ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងលោក ទេព ពិសិដ្ឋ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ត្រូវអនុវត្តសេចក្ដីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
គួរជម្រាបដែរថា ស្ត្រីរងគ្រោះមានឈ្មោះ ជា សុធីម អាយុ៤០ឆ្នាំ គឺជាភរិយារបស់តារាកំប្លែង នាយ ពាក់មី ស្នាក់នៅផ្ទះលេខ14Eo ផ្លូវជាតិ៥ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ស្ថិតក្នុងមូលដ្ឋាន ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ដោយមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅទទួលសេវាកម្មនៅមជ្ឈមណ្ឌលកែសម្ពស្សមួយកន្លែង មានស្លាកយីហោ «អេស៨៨ ប៊ីយូធី ផ្សារធំថ្មី» កាលពីវេលាម៉ោង១និង៣៥នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីទទួលសេវាកម្មរួចរាល់ ស្ត្រីរងគ្រោះ (ប្រពន្ធពាក់មី) បានត្រឡប់ទៅគេហដ្ឋានវិញ ប៉ុន្តែពេលនោះស្រាប់តែមានអាការៈមិនស្រួលក្នុងខ្លួន បណ្តាលឱ្យក្អួត និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗតែម្តង។
ក្រោយពីទទួលដំណឹងនេះភ្លាម សមត្ថកិច្ចក៏បានទៅដល់មន្ទីរពេទ្យ និងធ្វើការសាកសួរពីស្ថានភាពអាការៈរបស់ស្ត្រីរងគ្រោះ ព្រមទាំងបានសហការជាមួយក្រុមគ្រួសារជនរងគ្រោះ រួចធ្វើដំណើរទៅកាន់ទីតាំងមជ្ឈមណ្ឌលកែសម្ពស្សខាងលើ ដើម្បីធ្វើការត្រួតពិនិត្យផងដែរ។ ប៉ុន្តែម្ចាស់មជ្ឈមណ្ឌលកែសម្ផស្សហាក់បីដូចជាបានដឹងដំណឹងនេះមុន ក៏បិទទ្វារមជ្ឈមណ្ឌលកែសម្ផស្សរបស់ខ្លួន ថែមទាំងបិទទាំងទូរស័ព្ទទាក់ទងមិនចូល រួចរត់គេចខ្លួនបាត់ ។ លុះរហូតដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ដោយមានការដឹកនាំផ្ទាល់ពីលោកព្រះរាជអាជ្ញារង ទី មុនិន្ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបង្កើតគណៈកម្មាធិការចូលរួម រួមមាន ៖ អភិបាលរងខណ្ឌអធិការរង អនុការិយាល័យនិយតកម្មសុខាភិបាល ប្រធាននីតិកម្មខណ្ឌ ព្រមទាំងលោកចៅសង្កាត់ និងនាយប៉ុស្តិ៍ ចុះទៅធ្វើការត្រួតពិនិត្យទីតាំងខាងលើ ជាលទ្ធផលបានរកឃើញថា មជ្ឈមណ្ឌលខាងលើនេះ ពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនោះទេ៕