Breaking News

លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ថ្មី​៖ គោលដៅយុទ្ធសាស្រ្តទាំង ៥ របស់គណបក្សប្រជាជនកម្ពុជា

ភ្នំពេញ​៖​ លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីថ្មី​នៃកម្ពុជា​ អាណត្តិទី៧​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៧​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ឱ្យ​ដឹង​តាមរយៈប្រព័ន្ធ​សង្គម​តេឡេ​ក្រាម​ផ្លូវការ​របស់​លោកយ៉ាងដូច្នេះថា៖​ គោលដៅយុទ្ធសាស្រ្តទាំង ៥ របស់គណបក្សប្រជាជនកម្ពុជា​ មានដូចខាងក្រោម​៖

១,​ ការពារសន្តិភាព ការពារ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង ការពាររាល់សមិទ្ធផល នៃសង្គមជាតិ ឱ្យបាន គង់វង្សស្ថិតស្ថេរ។

២,កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដ៏ជឿនលឿន និងរឹងមាំ ផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើន ប្រកបដោយចីរភាព និងសមធម៌ ប្រជាជនមាន ជីវភាពសម្បូរសប្បាយ បានរស់នៅយ៉ាង សុខដុមរមនាប្រកបដោយកិត្តិយស សេចក្ដីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

៣,កសាងប្រព័ន្ធគាំពារសង្គមប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ ដែលធានាផ្តល់ ការគាំពារដល់ប្រជាជន ក្នុងការឆ្លើយតបចំពោះ ហានិភ័យសេដ្ឋកិច្ច ហានិភ័យសុខភាពសាធារណៈ និងភាពងាយរងគ្រោះផ្សេងៗ ដែលកើតឡើងពី ការប្រែប្រួលលក្ខខណ្ឌនៃការងារ និងការរស់នៅ។

៤,ជម្រុញការអនុវត្ត “កម្ពុជាគ្មានមីនត្រឹមឆ្នាំ២០២៥” និងកាត់បន្ថយគ្រាប់មិនទាន់ផ្ទុះ ឱ្យបានជាអតិបរមា។

៥,បន្តអនុវត្តន៍នយោបាយការបរទេសឯករាជ្យដោយ ផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ល្អប្រសើររវាង ព្រះរាជាណាចក្រកម្ពុជា ជាមួយប្រទេសទាំងអស់លើពិភពលោក និងអង្គការ អន្តរជាតិនានា ហើយចូលរួមយ៉ាងសកម្មចំពោះ បុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ក្នុងតំបន់ និងពិភពលោក។

គួរបញ្ជាក់ថា​ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *