Breaking News

សម្ដេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្រ្ដី១៥ថ្ងៃទៀត នឹងបន្តធ្វើជាឪពុកនាយករដ្ឋមន្រ្ដី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា​ នៅថ្ងៃទី ៧ខែសីហា ឆ្នាំ ២០២៣នេះ បានបញ្ជាក់ថា ពេលនេះសម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញតេឡេក្រាម និងធ្វីតធើថា ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចសម្រេចដកខ្លួនចេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។

សម្ដេចតេជោ បានបញ្ជាក់ថា បើពិនិត្យតាមពេលវេលា សម្ដេចជានាយករដ្ឋមន្ត្រី​ដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។

បើគិតដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ជាថ្ងៃដែលសម្ដេចចាកចេញពីដំណែងតាមផ្លូវច្បាប់ និងគិតពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ជាថ្ងៃដែលសភាបោះឆ្នោតផ្តល់ការទុកចិត្តដល់សម្ដេច​ ជានាយករដ្ឋមន្ត្រីផ្លូវការ សម្ដេចបានកាន់ដំណែងជានាយករដ្ឋមន្ត្រីចំនួន ៣៨ ឆ្នាំ ៧ខែ និង៨ថ្ងៃ ត្រូវជា ៤៦៣ ខែ ២០១៤ សប្តាហ៍ និងចំនួន ១៤ ០៩៩ថ្ងៃ។

សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើគិតពីការងារក្នុងរដ្ឋាភិបាល ចាប់តាំងពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ក្នុងមុខតំណែងជារដ្ឋមន្ត្រីការបរទេស ជាឧបនាយករដ្ឋមន្ត្រី ជានាយករដ្ឋមន្ត្រីស្តីទី និងជានាយករដ្ឋមន្ត្រីត្រឹមថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចបានធ្វើការបាន៤៤ឆ្នាំ ៧ខែ ១៤ថ្ងៃត្រូវជា ៥៣៥ខែ ២ ៣២៨សប្តាហ៍ និង ១៦ ២៩៧ថ្ងៃ។

សម្ដេចតេជោ បានបន្តថា សម្ដេចបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅនឹងឡើងឋានៈទៅ​ជា​ឪពុកនាយករដ្ឋមន្ត្រីម្តង។ ប៉ុន្ដែមិនទាន់ចប់ត្រឹមនេះទេ សម្ដេចនឹងបន្តការងារក្នុងមុខ​នាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះសម្ដេចនឹងបំពេញការងារ​ជាងកន្លះសតវត្សរ៍។

សម្ដេចតេជោ បានអរគុណភរិយាជាទីស្រឡាញ់ ដែលបានចិញ្ចឹមកូនដ៏កំសត់ (ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មីនៃកម្ពុជា) ក្នុងពេលវេលាដ៏លំបាកបំផុតរហូត ក្លាយជាមេដឹកនាំកំពូលរបស់ជាតិ នាពេលនេះ៕

Check Also

អ្នកនាំពាក្យក្រសួងសាធារណការ ៖ ការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង

Leave a Reply

Your email address will not be published. Required fields are marked *