សៀមរាប៖ ជាការពិតណាស់ក្រុមអ្នកញៀនល្បែងស៊ីសងភាគច្រើននៅខេត្តសៀមរាប ច្បាស់ណាស់ថានិងបានស្គាល់មេបនល្បែងយ៉ាងធំឈ្មោះ ភា ហើយនិងកោតរសើរថាក្រៅពីលោក ភា គ្មានអ្នកណាអាចបើក ល្បែងស៊ីសងបានទេនៅខេត្តសៀមរាបនេះ ។
តើមូលហេតុអ្វីបានជាលោក ភា អាចបើកល្បែងស៊ីសង បានរាប់ឆ្នាំប្រចាំអាណាចក្រខេត្តសៀមរាប រហូតមកដល់សព្វថ្ងៃនេះ សំណួរនេះពិតជាមិនពិបាករកចម្លើយនោះទេ មូលហេតុដែល លោក ភា អាចបើកល្បែងស៊ីសងបានដោយគ្មានការរំខានពីសមត្ថកិច្ច ពីព្រោះថាលោក ភា គឺជាឈ្មួញល្បែងដុះស្លែម្នាក់ប្រចាំខេត្តសៀមរាប ដែលបានស្គាល់ចិត្តថ្លើម សមត្ថកិច្ចគ្រប់ជាន់ថ្នាក់និងចេះស្គាល់ពីរបៀបសែនព្រេនតាំងពីក្រោមរហូតដល់លើផងដែរ បើមិនដូច្នោះទេលោកភា ក៏មិនអាចឈរជើងបើកល្បែងស៊ីសងបានដែរ ប្រាកដណាស់ថាសមត្ថកិច្ចនិងចុះទៅបង្ក្រាបជាមិនខាន ។
ជាក់ស្តែងបច្ចុប្បន្ននេះថៅកែបនល្បែងឈ្មោះ ភា នេះបានបើកលេងល្បែងអាប៉ោងយ៉ាងរលូនទាំងយប់ទាំងថ្ងៃនៅ ចំណុចផ្ទះរបស់បុរសម្នាក់ឈ្មោះ សេង ដែលមានទីតាំងស្ថិតនៅ ភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ចូលតាមចំណុចផ្សារត្រាំនាគ ខាងត្បូងផ្សារ បន្តដំណើរតាមផ្ទះសំណាក់ ផន សោភា ទៅកើតប្រហែល២៥០ម៉ែត្រ រួចបត់ស្តាំ ចូលប្រហែល១៥ម៉ែត្រ គឺដល់ចំណុចទីតាំងតែម្តង។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះបានប្រាប់ថាវង់ល្បែងអាប៉ោងរបស់លោក ភា ខាងលើនេះបានបើកលេងទាំងយប់ទាំងថ្ងៃដែលមានក្រុមអ្នកញៀនល្បែងចេញចូលមិនដាច់ ហើយលេងចាញ់ឈ្នះរាប់ពាន់ រាប់ម៉ឺនដុល្លារ ចំណែកការលេងនេះដែរពួកគេបានដូរវិធិសាស្រ្តថ្មី គឺគេមិនដាក់លុយនៅលើតុដូចពេលមុនៗនោះទេ គឺគេដាក់លុយក្នុងថតតុ ចំណែកអ្នកចាក់គេកាន់លុយនៅដៃ លុះពេលស៊ីសងទើបគេដកលុយចេញពីថតតុពោលគឺគេលេងដោយមានការប្រុងប្រយ័ត្នបំផុតជៀសវាងបែកធ្លាយរូបភាពចេញមកខាងក្រៅ ។
ប្រភពបន្ថែមថា ថៅកែល្បែងដុះស្លែ ឈ្មោះ ភានេះបានបើកល្បែងស៊ីសងរាប់ឆ្នាំមកហើយ និងបានប្តូរទីតាំងលែងជាញឹកញាប់ផងដែរ នៅពេលណាដែលបែកធ្លាយដល់អ្នកសារព័ត៌មាន ប៉ុន្តែយ៉ាងណានោះគេមិនបានផ្លាស់ប្តូរទៅណាឆ្ងាយពីខេត្តសៀម
រាបនោះទេ។
ពាក់ព័ន្ធទៅនិងការបើកលេងល្បែងអាប៉ោងរបស់លោក ភា ខាងលើនេះអ្នកយកព័ត៌មានយើងបានទំនាក់ទំនងទៅកាន់
លោកមេប៉ុស្តិ៍ រដ្ឋបាលសង្កាត់ស្លក្រាមដើម្បីបំភ្លឺ ហើយលោកមេប៉ុ ស្តិ៍ក៏បានប្រាប់តាមទូរស័ព្ទថា កម្លាំងបានចុះទៅចុងភូមិអស់ហើយ..លុះមួយម៉ោងក្រោយមកអ្នកសារព័ត៌មានយើងក៏បាន ខលទូរស័ព្ទទៅម្តងទៀត ប៉ុន្តែលោកមេប៉ុស្តិ៍ក៏លែងលើកទូរស័ព្ទតែម្តង ។
ចំណែកលោក អធិការនគរបាលក្រុងសៀមរាបវិញមិនអាចសុំការបំភ្លឺបានទេដោយសារ ខលចូលតែគ្មានអ្នកលើកទទួល..បន្ទាប់មកទូរស័ព្ទរបស់លោកអធិការក៏បានដាក់ក្នុងប្រព័ន្ធជាប់រវល់ផងដែរ។
ប្រជាពលរដ្ឋ បានសម្ដែងការព្រួយបារម្ភ យ៉ាងខ្លាំង ពីភូមិ ឃុំ សង្កាត់ គ្មានសុវត្ថិភាព ខណៈដែលសមត្ថកិច្ច អសមត្ថភាព មិនហ៊ានបង្ក្រាប ល្បែងស៊ីសង អាប៉ោង របស់ឈ្មោះ ភា ដែលស្ថិតនៅភូមិថ្លុកអណ្តូង សង្កាត់ស្លក្រាម ខាងលើនេះ។ ជាមួយគ្នានោះមហាជនបានដាក់ការសង្ស័យថា ប្រហែលជាមេល្បែងរូបនេះ រត់ការរៀបចំ ជូនសមត្ថកិច្ចពាក់ព័ន្ធ អស់ហើយ ទើបគេអាចបើកលេងបានយ៉ាងរលូន ដោយគ្មានការរំខានដល់សមត្ថកិច្ចបែបនេះ។
ប៉ុន្តែយ៉ាងណានោះប្រជាពលរដ្ឋមានសង្ឃឹមយ៉ាងមុតមាំទៅលើលោកឧត្តមសេនីយ៍ទោតេង ចាន់ណា ស្នងការនគរបាលខេត្តសៀមរាប ថានិងមានវិធានការបង្ក្រាបល្បែងស៊ីសងខាងលើនេះជាក់ជាមិនខាននោះឡើយដោយហេតុថាបញ្ហាល្បែងស៊ីសងគឺផ្ទុយទៅនិងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាពដែលដាក់ចេញដោយក្រសួងមហាផ្ទៃ ៕SRN