Breaking News

ជនជាតិខ្មែរ៣នាក់ ត្រូវបានសមត្ថកិច្ចសិង្ហបុរី ចាប់ខ្លួនជាមួយនឹងបក្ខពួកជនបរទេសផ្សេងទៀត ពាក់ព័ន្ធករណី លាងលុយកខ្វក់ នឹងទ្រព្យសម្បត្តិប្រហែល១ពាន់លានដុល្លារសិង្ហបុរី ត្រូវបានរឹបអូស ឬបង្កក

ភ្នំពេញ៖ ជនជាតិខ្មែរចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប្រទេសសិង្ហបុរីចាប់ខ្លួន ក្នុងចំណោមបក្ខពួកជាជនបរទេសមួយចំនួនទៀត ពាក់ព័ន្ធនិងការលាងលុយកខ្វក់ ដែលអាជ្ញាធរសិង្ហបុរី ស៊ើបអង្កេតឃើញ។

ក្រុមជាប់ចោទទាំង១០នាក់ ត្រូវបានឃុំខ្លួន ដើម្បីសាកសួរបន្ត។ ដោយឡែកមានមនុស្ស១២នាក់ផ្សេងទៀត កំពុងស្ថិតក្រោមការស៊ើបអង្កេត ខណៈ ៨នាក់ផ្សេងទៀត ប៉ូលិសកំពុងតាមចាប់ខ្លួន។

ទាក់ទងនងព័ត៌មាននេះដែរអ្នកនាំ ពាក្យក្រសួងការបរទេស លោក អាន សុខខឿន បានឲ្យដឹងថា “ស្ថានឯកអគ្គរាជទូតកម្ពុជា នៅសិង្ហបូរី កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅសិង្ហបុរី កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ព័ត៌មានករណីសមត្ថកិច្ចសិង្ហបុរី ចាប់ជនជាតិខ្មែរចំនួន៣នាក់ ពាក់ព័ន្ធលាងលុយកខ្វក់។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសិង្ហបុរី កំពុងផ្ទៀងផ្ទាត់ព័ត៌មានខាងលើនេះ ចំពោះជនជាប់ចោទ៣នាក់ដែលសមត្ថកិច្ចសង្ហបុរី អះអាងថា ជាជនជាតិខ្មែរ។

សូមបញ្ជាក់ថា៖ សមត្ថកិច្ចសិង្ហបុរី បានបើកប្រតិបត្តិការចាប់ខ្លួនក្រុមលាងលុយកខ្វក់ជាមួយនឹងទ្រព្យសម្បត្តិប្រហែល ១ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ៧៣៦ លាន ដុល្លារអាមេរិក) ត្រូវបានរឹបអូស ឬបង្កក។

ក្នុងការបង្ក្រាបសមត្ថកិច្ចសិង្ហបុរី បានឃាត់ខ្លួនជនបរទេសចំនួន ១០នាក់ ក្នុងនោះមានជនជាតិខ្មែរចំនួន ៣នាក់។ ការឆ្មក់បង្ក្រាបដំណាលគ្នា ដែលមានកម្លាំងសមត្ថកិច្ចចម្រុះជាង ៤០០នាក់ ត្រូវធ្វើឡើងនៅទីតាំងជាច្រើនកន្លែង នៅទូទាំងប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ។

សូមជម្រាបថា ជនបរទេសដែលត្រូវចាប់ខ្លួនមានសញ្ជាតិ ស៊ីប ទួរគី ចិន ខ្មែរ និងនីវ៉ានូអាទូ (Ni-Vanuatu) ។ ជនសង្ស័យទាំង ១០នាក់ អាយុចន្លោះពី ៣១ឆ្នាំ ដល់ ៤៤ឆ្នាំ និងមិនមែនជាពលរដ្ឋសិង្ហបុរី ឬអ្នករស់នៅអចិន្ត្រៃយ៍នោះទេ ។

ទ្រព្យសម្បត្តិ ត្រូវបានប៉ូលិសរឹបអូស និងបង្កក ដូចជា ៖ សាច់ប្រាក់ប្រហែល ១ពាន់លានដុល្លារសិង្ហបុរី (ប្រមាណ ៧៣៦លានដុល្លារអាមេរិក) ដែលទុកក្នុងដែកសុវត្ថិភាព វ៉ាលី និងគណនីធនាគារ, ផ្ទះ, ប្រអប់ផ្ទុកគ្រឿងអលង្ការ, ប្រអប់ខ្សែដៃមាស និងគ្រឿងពេជ្រ, រថយន្តទំនើបៗ កាបូប, នាឡិកាដៃ, និងស្រាថ្លៃៗ ។

មនុស្សទាំង១០នាក់ រួមមាន ៖
ទី១- ឈ្មោះ Su Haijin អាយុ៤០ឆ្នាំ ភេទប្រុស សញ្ជាតិស៊ីប ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន Good Class Bungalows (GCB) តាមបណ្តោយ Ewart Park ក្នុងតំបន់ Holland ។ ចោទប្រកាន់ ពីបទប្រឆាំងនឹងសមត្ថកិច្ចពេលចាប់ខ្លួន ។

ទី២- ឈ្មោះ Vang Shuiming អាយុ៤២ឆ្នាំ ភេទប្រុស សញ្ជាតិទួគី ត្រូវបានចាប់ខ្លួននៅក្នុង GCB តាមបណ្តោយ Bishopsgate ក្នុងតំបន់ Tanglin ។ ចោទប្រកាន់ ពីបទប្រើប្រាស់ឯកសារក្លែងបន្លំមួយចំនួន ។

ទី៣- ឈ្មោះ Zhang Ruijin អាយុ៤៤ឆ្នាំ ភេទប្រុស សញ្ជាតិចិន និងទី៤- ឈ្មោះ Lin Baoying អាយុ៤៣ឆ្នាំ ភេទស្រី សញ្ជាតិចិន ត្រូវបានចាប់ខ្លួននៅក្នុងបឹងហ្គាឡូ នៅ Sentosa Cove ។ អ្នកទាំងពីរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំមួយចំនួន ក្នុងគោលបំណងឆបោក ។

ទី៥- ឈ្មោះ Su Baolin អាយុ៤១ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ មុខរបរលក់ដូរ ត្រូវបានចាប់ខ្លួននៅក្នុងលំនៅដ្ឋាន GCB តាមបណ្តោយផ្លូវ Nassim ។ ចោទប្រកាន់ពីបទប្រើប្រាស់ឯកសារក្លែងបន្លំមួយចំនួន ។

ទី៦- Su Jianfeng អាយុ៣៥ឆ្នាំ ភេទប្រុស សញ្ជាតិនី-វ៉ានូអាទូ Ni-Vanuatu ត្រូវបានចាប់ខ្លួននៅលំនៅដ្ឋាន GCB តាមបណ្ដោយផ្លូវ Third Avenue ជិត Bukit Timah ។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់ ។

ទី៧- ឈ្មោះ Chen Qingyuan អាយុ៣៣ឆ្នាំ ភេទប្រុស សញ្ជាតិខ្មែរ ត្រូវបានចាប់ខ្លួននៅក្នុងខុនដូ តាមបណ្តោយផ្លូវ Leonie Hill ក្នុងតំបន់ River Valley ។ រងការចោទប្រកាន់ពីបទ លាងលុយក៍ខ្វក់ ។

ទី៨- ឈ្មោះ Wang Dehai អាយុ៣៤ឆ្នាំ ភេទប្រុស សញ្ជាតិស៊ីប ត្រូវបានចាប់ខ្លួននៅក្នុងខុនដូមួយ តាមបណ្តោយ Paterson Hill ក្នុងតំបន់ Orchard ។ រងការចោទប្រកាន់ពីបទ លាងលុយក៍ខ្វក់ ។

ទី៩- ឈ្មោះ Wang Baosen អាយុ៣១ឆ្នាំ ភេទប្រុស សញ្ជាតិចិន ត្រូវបានចាប់ខ្លួននៅក្នុងខុនដូ តាមបណ្តោយផ្លូវ Tomlinson ក្នុងតំបន់ Tanglin ។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់ ។

និងទី១០- ឈ្មោះ Su Wenqiang ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ ឃាត់ខ្លួននៅលំនៅដ្ឋាន GCB តាមបណ្តោយផ្លូវ Lewis ក្នុងតំបន់ Bukit Timah ។ រងការចោទប្រកាន់ពីបទ លាងលុយកខ្វក់។

ក្នុងចំណោមមនុស្ស ១០នាក់ ដែលត្រូវបានចាប់ខ្លួននោះ អ្នកដែលមិនមានសញ្ជាតិចិន ត្រូវប៉ូលិសរកឃើញថា មានកាន់លិខិតឆ្លងដែនបរទេស ដែលគេជឿថា ចេញដោយប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសតួគី និងសាធារណៈរដ្ឋដូមីនីកែន ៕SRN

Check Also

បុរស់ម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ខ្លួនពីបទរំលោភសេពសន្ទវៈ

Leave a Reply

Your email address will not be published. Required fields are marked *