Breaking News

លោក ខៀវ កាញារីទ្ធ ចាកចេញពី​ក្រសួង​ព័ត៌មាន ក្រោយបំពេញការងារអស់ ៣០ឆ្នាំ​

ភ្នំពេញ៖ លោក ខៀវ​ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ បានចាកចេញពីក្រសួងព័ត៌មាន ដែល​លោក បានបំពេញការងារអស់រយៈពេល ៣០ឆ្នាំ គិតចាប់ពីឆ្នាំ១៩៩៣ ជារដ្ឋលេខាធិការ រហូតដល់ឡើងជារដ្ឋមន្ត្រី នៅឆ្នាំ២០០៤​។ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបង្ហាញក្តីស្រឡាញ់ និងអាឡោះអាល័យ​យ៉ាងខ្លាំង ចំពោះការចាកចេញរបស់​លោក ខៀវ កាញារីទ្ធ នាព្រឹកថ្ងៃទី១៨ ខែសីហានេះ​។

កើតនៅ​ថៃ្ងទី​១៣ ខែកញ្ញា ឆ្នាំ១៩៥១ លោក ខៀវ កាញារីទ្ធ កាលពីកុមារភាព បានរៀននៅ​សាលាបឋមសិក្សាមជ្ឈឹម ក្នុង​ខេត្តបាត់ដំបង។ បន្ទាប់មក លោក បានបន្តការសិក្សា នៅសាលា​បឋមសិក្សា ពៅអ៊ុំ ក្នុងក្រុងភ្នំពេញ។

ប្រវត្តិរូបសង្ខេប ដែលបានផ្សព្វផ្សាយក្នុងគេហទំព័ររបស់ក្រសួងព័ត៌មាន បង្ហាញថា លោក ខៀវ កាញារីទ្ធ បានបញ្ចប់​ការសិក្សា នៅ​មហាវិទ្យាល័យនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ លោក ក៏ជាសិស្សមន្រ្តីជាន់ខ្ពស់ ខាងការទូតនៃសាលាជាតិរដ្ឋបាល ជំនាន់ទីពីរ។

ការងារក្នុងនីតិប្ប​ញ្ញត្តិ លោក ខៀវ កាញារីទ្ធ ជា​តំណាងរាស្រ្ត ប្រចាំខេត្តកណ្តាល ជាតំណាងរាស្រ្ត ប្រចាំរាជធានីភ្នំពេញ និងជាតំណាងរាស្រ្ត ប្រចាំខេត្តកំពង់ចាម។

ចំណែក​ការងារក្នុងនីតិប្រតិបត្តិ ក៏បានបង្ហាញថា លោក ខៀវ កាញារីទ្ធ ជានិពន្ធនាយកកាសែត​កម្ពុជា​ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០។ លោក ក៏ជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីឆ្នាំ១៩៩១ ដល់ឆ្នាំ​១៩៩៣។ លោក ខៀវ កាញារីទ្ធ ជាប្រធានក្រុមលេខាធិការរបស់រដ្ឋកម្ពុជា នៅក្នុងឧត្តមក្រុមប្រឹក្សាជាតិ ពីឆ្នាំ១៩៩១ ដល់ឆ្នាំ​១៩៩៣។

នៅពេលប្រទេសកម្ពុជាយើង រៀបចំការបោះឆ្នោត ដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ លោក ខៀវ កាញារីទ្ធ បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៤​។ នៅឆ្នាំ២០០៤ ដល់បច្ចុប្បន្ន លោក ខៀវ​ កាញារីទ្ធ ជារដ្ឋមន្រ្តីក្រសួងព័ត៌មាន។

​​អ្នកកាសែតជើងចាស់ លោក ខៀវ កាញារីទ្ធ ក៏បានសរសេរសៀវភៅ និងបានចេញផ្សាយជាច្រើន​រួចមកហើយ រួមមាន៖ ញញឹមចុងក្រោយ, ឆ្ងាយហួសពីជើងមេឃ (បកប្រែ), អប្សរានៃអង្គរ (បកប្រែ), អ្នកដែលឃ្លាតឆ្ងាយ, ការហិនហោចព្រៃឈើ (បកប្រែ) និងសៀវភៅ អគ្គមហាសេនា (បកប្រែ)។

បន្ទាប់ពីចាកចេញពីតំណែងរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងនីតិកាលទី៧ នេះ លោក ខៀវ កាញារីទ្ធ ដែលមានវ័យ ៧២ឆ្នាំ​ នឹងទៅធ្វើការនៅរដ្ឋសភា ក្នុងនាមជា​អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម របស់គណបក្ស​ប្រជាជនកម្ពុជា​៕

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *