Breaking News

សមជិកសភាទាំង១២៥រូប ចូលស្បថនៅព្រះបរមរាជវាំង នារសៀលថ្ងៃនេះ

ភ្នំពេញ៖ បន្ទាប់ពីសម័យប្រជុំរដ្ឋសភាដំបូង នីតិកាលទី៧ កាលពីព្រឹកថ្ងៃទី២១ ខែសីហា ដែលជាការប្រកាសសុពលភាពសមាជិករដ្ឋសភា ជាប់ឆ្នោតទាំង១២៥រូប ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិកនៃរដ្ឋសភារួចមក នៅរសៀលថ្ងៃនេះដែរ សមាជិកសភាទាំងអស់ បានចូលទៅធ្វើសច្ចាប្រណិធាន នៅព្រះបរមរាជវាំង។ សមាជិកសភាជាប់ឆ្នោតទាំង១២៥រូប

គឺមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៥រូប ។

ការបោះឆ្នោតប្រកួតប្រជែងជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣ នេះ មានចំនួន១៨គណបក្ស ប៉ុន្តែមានតែគណបក្សនយោបាយចំនួន២បានទទួលអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច។

សូមបញ្ជាក់ថា ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៣ បានបញ្ជាក់ថា ថ្ងៃនេះ ជាឱកាសដ៏មហាវិសេសវិសាល ដែលរដ្ឋសភា នីតិកាលទី៧ ប្រារព្ធបើកសម័យប្រជុំដំបូងរបស់ខ្លួន ស្របទៅតាមកាល កំណត់របស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ ត្រូវបានជ្រើសតាំងដោយការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ កន្លងទៅនេះ ។

នៅក្នុងព្រះរាជសន្ទរកថា ព្រះមហាក្សត្របានបញ្ជាក់ទៀតថា៖ចាប់ពីពេលដែលរដ្ឋសភា បានចាប់បដិសន្ធិជាថ្មីនាឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ មានរយៈពេល ៣០ឆ្នាំកន្លងមកហើយ ដែលកម្ពុជាបានប្រែក្លាយពីការបែកបាក់ជាតិ និងការបែងចែក ទឹកដី ទៅជាប្រទេសដែលមានសន្តិភាព ស្ថិរភាព ប្រជាធិប តេយ្យ និងអភិវឌ្ឍគ្រប់វិស័យ ដែលធ្វើឱ្យប្រជាពលរដ្ឋបានរស់នៅក្រោមដំបូលសន្តិភាព ប្រកបដោយក្តីសង្ឃឹម និងសុខក្សេមក្សាន្ត។

រដ្ឋសភា ដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាព សម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។

ព្រះរាជសន្ទរកថា ព្រះមហាក្សត្រ បានបញ្ជាក់ទៀតថា៖ព្រះអង្គមានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដែលនឹងទទួលការទុកចិត្តពី រដ្ឋសភា នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិត ជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណ ជាតិជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ៕SRN

Check Also

ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» នៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *