ភ្នំពេញ ៖សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៣នេះ បានដឹកនាំសមាជិករដ្ឋសភា នីតិកាលទី៧ ក្រោយប្រកាសសុពលភាពដើម្បីចូលធ្វើសច្ចាប្រណិធាននៅព្រះទីនាំងទេវាវិនិច្ឆ័យនៃព្រះបរមរាជវាំង។
សូមបញ្ជាក់ដែរថានៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ ស្របទៅតាមកាលកំណត់របស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីតំណាងរាស្ត្រទាំងអស់ត្រូវបានជ្រើសតាំងដោយការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។
នៅក្នុងឱកាសដ៏មហានក្ខតឫក្សថ្លៃថ្លា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសម្ដែងនូវក្ដីសោមនស្ស រីករាយ ចូលរួមអបអរសាទរដ៏កក់ក្តៅជូនចំពោះ សមាជិក សមាជិការដ្ឋសភាទាំងអស់ ដែលប្រជាពលរដ្ឋបានសម្តែងឆន្ទៈ និងជំនឿទុកចិត្តតាមរយៈការបោះឆ្នោតជាសកលកន្លងទៅនេះ។
ព្រះករុណាព្រះមហាក្សត្រទ្រង់មានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមាន អំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
ព្រះករុណាមានព្រះរាជបន្ទូលថា តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូលធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឱ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនាការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។ ខណៈច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឱ្យប្រទេសកម្ពុជា មានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ។
សូមជម្រាបផងដែរថា សម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នឹងបន្តនៅព្រឹកថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា, ប្រធាន អនុប្រធានគណៈ កម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាល៕SRN