Breaking News

ឯកឧត្តម បណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ដ្រី ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួង-ស្ថាប័ននានា និងសមាជិករាជរដ្ឋាភិបាលជាច្រើនរូប ដែលប្រជុំនេះរៀបចំធ្វើឡើងនៅវិមានសន្ដិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។

នាឱកាសនោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ជាលើកទី១។ ឆ្លៀតឱកាសនោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ដល់យុត្តិធម៌ជំនឿ និងការគាំទ្រយ៉ាងរឹងមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បន្តថា ជាការពិតណាស់ ការបោះឆ្នោតកន្លងទៅ បានប្រព្រឹត្តទៅយ៉ាងត្រឹមត្រូវដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងជាពិសេស មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះកររហូតដល់ជាង ៨លាននាក់ ត្រូវជាប្រមាណ ៨៤,៥៤ភាគរយ នៃបញ្ជីឈ្មោះបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត បន្ថែមទៀតថា ច្បាស់ណាស់ថា លទ្ធផលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈ នៃការគាំទ្រដ៏ពេញទំហឹង និងមោះមុតពីប្រជាពលរដ្ឋច្រើនលើសលុប និងពីគ្រប់មជ្ឈដ្ឋានលើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងទៀងទាត់របស់កម្ពុជា។

ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាការពិត ការគាំទ្រជឿទុកចិត្តដ៏ធំធេង មានន័យមិនត្រឹមតែជាការលើកទឹកចិត្តដល់មហិមាចំពោះរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែក៏ជាការទទួលខុសត្រូវធំបំផុតរបស់យើងទាំងអស់គ្នា នៅក្នុងការបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តម ឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការធានាបន្តរក្សាបានរឹងមាំនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ព្រមទាំងការបន្តជំរុញកែលម្អជីវិតជីវភាពរបស់ប្រជាជន និងការអភិវឌ្ឍឈានឡើងឥតឈប់ឈររបស់ប្រទេសជាតិ។

លើសពីនេះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា “អាស្រ័យហេតុនេះ យើងទាំងអស់គ្នាជាសហសេវិកក្នុងរាជរដ្ឋាភិបាល ត្រូវប្ដេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត ឱ្យអស់ពីសមត្ថភាពនៅក្នុងស្មារតីសាមគ្គីស្អិតរមួត និងសហប្រតិបត្តិការល្អ និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុងឧត្តមនេះ ឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ក្នុងអាណត្កិកិច្ច ដែលប្រជាពលរដ្ឋយើងដ៏ច្រើនកុះករ នៅទូទាំងប្រទេសបានប្រគល់ជូន”។

សូមជម្រាបជូនថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី លើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នាពេលព្រឹកនេះ បានពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន៥ រួមមាន ៖ ទី១-ការប្រកាសឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១, ទី២-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្តីពីការកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”, ទី៣-ការពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ ស្ដីពីការបង្កើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, ទី៤-ការណែនាំរបស់នាយករដ្ឋមន្ត្រី អំពីរបៀបរបបការងារ និងកិច្ចដំណើរការនៃគណៈរដ្ឋមន្ត្រី, ទី៥-បញ្ហាផ្សេងៗ៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *