ភ្នំពេញ៖ ក្រសួងអប់រំ នឹងបន្តកំណែទម្រង់វិស័យអប់រំដែលផ្ដោតលើការពង្រឹងគុណភាពអប់រំនៅគ្រប់កម្រិតសិក្សា ការបង្កើនការចូលរៀនមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំឌីជីថល ជំរុញការពង្រឹងការបណ្ដុះបណ្ដាលជំនាញសម្រាប់យុវជន ពង្រឹងការអប់រំកាយ និងកីឡា និងភាពជាពលរដ្ឋល្អ ក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ។
ការថ្លែងនេះរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ និងការអបអរសាទរចំពោះសមិទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ។
ក្រសួងអប់រំ បានបញ្ជាក់ថា ការដាក់ចេញនូវការសម្រួចអាទិភាពយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ដើម្បីចូលរួមចំណែកក្នុងកំណែទម្រង់អាទិភាពរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា យោងតាមអនុសាសន៍របស់ លោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងកិច្ចប្រជុំដំបូងគណៈរដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧នៃរដ្ឋសភា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ការលើកកម្ពស់គុណភាពអប់រំដោយផ្តោតការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យ ដល់ មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗចំនួន៤រួមមាន ការពង្រឹងអភិបាលកិច្ចសាលា, ការពិនិត្យ កែសម្រួលនិងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស
ហើយនិង ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា រួមនឹង
ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ” Public-Community Partnership for Education (PCPE)។
សូមជម្រាបថា ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទីមួយសម្រាប់ដំណាក់កាលបន្ទាប់នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ៕