Breaking News

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសស៍ដល់អត្តពលិកក្រសួងមហាផ្ទៃ បន្តគោរពវិន័យ និងមានផែនការហ្វឹកហាត់ច្បាស់លាស់

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡា ក្រសួងមផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរចំពោះប្រតិភូ និងអត្តពលិកទាំងអស់ ដែលបានចេញទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) នៅប្រទេសកាណាដា ដោយទទួលបានលទ្ធផលគួរជាទីមោទកៈ ជាពិសេសប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីក្រសួងមហាផ្ទៃ បានគោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។ ឯកឧត្ដមអភិសន្តិបណ្ឌិត សង្កាត់ធ្ងន់ថា ក្នុងនាមជាកីឡាករ កីឡាការិនី ហើយពិសេសជាសមត្ថកិច្ចថែមទៀត ប្រសិនបើវិន័យធូររលង់ ឬមិនគោរពវិន័យ នោះលទ្ធផលនឹងមិនទទួលបានល្អដូចនេះឡើយ។

 

ទន្ទឹមនឹងលទ្ធផលជាវិជ្ជមានពីការប្រកួត World Police & Fire Games នៅប្រទេសកាណាដា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏បានជំរុញលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី បន្តគោរពវិន័យ បង្កើនការហ្វឹកហាត់ និងរក្សាឱ្យបានសាមគ្គីក្នុងក្រុម ក្នុងអង្គភាពឱ្យកាន់តែរឹងមាំ។ ដូចគ្នានេះដែរ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏គួរសិក្សារៀបចំព្រឹត្តិការណ៍កីឡាក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ ដោយមិនរង់ចាំតែបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នៅឯបរទេសនោះទេ។ ចំពោះព្រឹត្តិការណ៍ប្រកួតនីមួយៗដែលរៀបចំទៀតសោត ក៏ពុំគួរឱ្យមានកីឡាករ កីឡាការិនីជម្រើសជាតិ ចូលរួមប្រកួតនោះដែរ ពោលគឺត្រឹមតែជានគរបាលដែលកំពុងបម្រើការងារចំណុះក្រសួងមហាផ្ទៃ ជាការសមស្រប ព្រោះក្នុងគោលបំណងបង្កើនទំនាក់ទំនងជិតស្និទ្ធពីអង្គភាពមួយទៅអង្គភាពមួយចំណុះក្រសួង។ 

ដើម្បីប្រសិទ្ធភាព និងគុណផលកីឡាក្រោមឱវាទក្រសួងមហាផ្ទៃនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានលើកជាអនុសាសន៍ឱ្យសិក្សាបង្កើតគណៈកម្មការរៀបចំការប្រកួត ដោយរៀបចំផែនការហ្វឹកហាត់ ផែនការប្រកួត តាមដានរាល់ការប្រកួត និងបញ្ជូនកីឡាករ កីឡាការិនី ចូលរួមគ្រប់ការប្រកួតគ្រប់កម្រិត ដើម្បីបង្កើនសមត្ថភាព បទពិសោធន៍ និងមានភាពស៊ាំគ្រប់ស្ថានការ។ ក្រៅពីនេះឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានផ្ដល់យោបល់ជូនអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ គួរសិក្សាបង្កើតក្រុមការងារគ្រប់គ្រង Data Base សម្រាប់គ្រប់គ្រងប្រមូលផ្ដុំព័ត៌មានកីឡាករ កីឡាការិនីផងដែរ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ទៀតថា រាជរដ្ឋាភិបាលថ្មី ក្រោមមគ្គុទេសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងលើកកម្ពស់លើវិស័យអប់រំកាយ និងកីឡា ទាំងក្នុងក្របខណ្ឌស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងនោះក្រសួងមហាផ្ទៃ ជាតួអង្គសំខាន់មួយដែរ។ ការពង្រីកសកម្មភាព និងលើកកម្ពស់វិស័យកីឡាទាំងស៊ីវិល និងកងកម្លាំងនេះ គឺដើម្បីផ្តល់ឱកាសដល់ពលរដ្ឋទូទៅ ទទួលបានការកម្សាន្ត សុខមាលភាព និងកាយសម្បទារឹងមាំ តាមរយៈវិស័យអប់រំកាយ និងកីឡា ជាពិសេសជាយន្តការឱ្យប្រជាពលរដ្ឋបានបញ្ចេញទេពកោសល្យក្នុងវិស័យនេះ៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *