Breaking News

សម្តេចធិបតី លើកឡើងថា ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចធ្វើកិច្ចការបី ក្នុងពេលតែមួយ

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះថា សម្ដេចបានបំពេញភារកិច្ចសំខាន់ៗចំនួន៣ ក្នុងពេលតែមួយ នៅអំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី។

មានប្រសាសន៍ នៅក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករ និយោជិត ជិត២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, សម្ដេចធិបតី បញ្ជាក់ថា ការងារទី១.ការងារការទូត, ទី២.កិច្ចការនយោបាយ និងទី៣.ការងារសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សម្ដេចមានប្រសាសន៍ថា ការងារការទូត គឺនៅក្នុងដំណើរទស្សនកិច្ចនេះ ដើម្បីភ្ជាប់ទំនាក់ទំនង និងបង្កើនទំនាក់ទំនងការងារការទូត ជាមួយនឹងបណ្ដាប្រទេសជាមិត្ត ដោយស្មើមុខស្មើមាត់ ជាមួយនឹងប្រទេសដទៃ។

ចំពោះកិច្ចការនយោបាយវិញ, សម្ដេចធិបតី មានប្រសាសន៍ថា ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ និងសមាជិកអាស៊ាន គឺកម្ពុជាបានបញ្ជាក់នូវគោលជំហរ ពាក់ព័ន្ធទៅនឹងការប្រឆាំងទៅនឹងសង្គ្រាម និងអស្ថិរភាព ទាំងនៅក្នុងតំបន់និងពិភពលោក ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍រីកចម្រើន របស់ប្រទេស។
ដោយឡែក ការងារសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, សម្ដេចធិបតី បានមានប្រសាសន៍ថា សម្ដេចនិងក្រុមការងារបានខិតខំប្រឹងប្រែង នៅក្នុងការទំនាក់ទំនង ជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគបរទេស មកកាន់កម្ពុជាបន្ថែមទៀត។

សូមរំលឹកថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣៕

 

About srn tv

Check Also

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ៖ ភាពជាដៃគូមិនមែនត្រឹមតែផ្តល់ការគាំទ្រ និង ផ្តល់កិច្ចសហប្រតិបត្តិការ ប៉ុណ្ណោះទេ ថែមទាំងជាការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវជោគវាសនារួមគ្នា

Leave a Reply

Your email address will not be published. Required fields are marked *