កំពង់ស្ពឺ៖ គោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺផ្តោតដំបូងទៅលើកំណែទម្រង់មុខងារសាធារណៈ និងការប្រឡងជ្រើសរើសមន្រ្តីចូលក្រខ័ណ្ឌ ដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ «អ្នកចេះគឺជាប់»។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា« ដំបូងយើងត្រូវប្រឡងរៀបចំយន្តការថ្នាក់កណ្តាល ស្រដៀងលោក ហង់ជូន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ធ្វើការប្រឡងបាក់ឌុបដែរ ខ្ញុំធ្វើការប្រឡងចូលទាហានក៏ដូចគ្នា ធ្វើយ៉ាងណា ដើម្បីធានាឲ្យបាននូវភាពត្រឹមត្រូវមានតម្លាភាព យុត្តិធម៌ ធានាថា “អ្នកចេះគឺជាប់” នេះហើយជាគោលការណ៍របស់យើង»។
ការថ្លែងនេះរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣។
ក្នុងគ្រានេះ សម្តេចបានសង្កត់ធ្ងន់ថា ចាប់ពីពេលនេះទៅ គឺមានយន្តការតែមួយ នៃការជ្រើសរើសគ្រប់ក្រសួងទាំងអស់ គឺត្រូវប្រឡងជ្រើសរើសមន្រ្តីក្របខ័ណ្ឌយន្តការថ្នាក់ជាតិឲ្យបានយុត្តិធម៌។ ដោយឡែកមន្រ្តីកិច្ចសន្យាប្រគល់សិទ្ធិជូនក្រសួងស្ថាបនសាមីបន្តធ្វើនីតិវិធី ប៉ុន្តែត្រូវធានានូវតម្លាភាព និងយុត្តិធម៌ផង។
បើតាមសម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ការរៀបចំថ្មីនេះ ត្រូវតែរក្សាកម្លាំងចាស់ និងថ្មី ដើម្បីធ្វើការជាមួយគ្នា។
សម្តេចគូសបញ្ជាក់ថា នឹងបន្តពិនិត្យមើលដើម្បីពង្រឹងការប្រើប្រាស់មន្រ្តីឲ្យមានប្រសិទ្ធភាព កុំឲ្យមានតែបរិមាណ តែគ្មានគុណភាព ពោលគឺប្រព័ន្ធលើកទឹកចិត្តធ្វើយ៉ាងណាឲ្យចំគោលដៅតែម្តង៕