ឆ្នាំ២០២៣នេះ គឺជាឆ្នាំទី៦ ដែលប្រទេសចិន បានផ្តល់ការឧបត្ថម្ភគាំទ្រ ដល់វគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន បន្ទាប់ពីខកខានអស់រយៈពេល៣ឆ្នាំ (២០២០-២០២២) ដោយសារតែការរាតត្បាតនៃ ជំងឺកូវីដ-១៩នៅទូទាំងសកលលោក។ វគ្គហ្វឹកហ្វឺនទាំង៦វគ្គនេះ បានទទួលសិក្ខាកាមកម្ពុជា សរុបចំនួន ១៩៩ នាក់ និងបានផ្តល់នូវជំនួយជាសម្ភារៈបោសសម្អាតមីន ផ្តល់នូវការពង្រឹងសមត្ថភាព ដល់មន្រ្តីអាជ្ញាធរមីន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងកងយោធពលខេមរភូមិន្ទ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សិក្ខាកាមដែលបានឆ្លងកាត់វគ្គហ្វឹកហ្វឹកនេះ បានប្រមូលផ្តុំសំខាន់ៗទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ធ្វើជាមូលដ្ឋានគ្រឹះបន្ថែមទៀត លើការអភិវឌ្ឍសមត្ថភាព ធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងឈានទៅផ្តល់នូវប្រសិទ្ធភាពការងារក្នុងការជួយសង្រ្គោះជីវិតប្រជាជនកម្ពុជាឱ្យរួចចាកផុតពីគ្រោះថ្នាក់ដោយសារមីន ក៏ដូចជាការចូលរួមកាន់តែខ្លាំងក្លាថែមទៀត លើដំណើរការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។
ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំប្រទេសចិន បន្តពិនិត្យលទ្ធភាព និងជួយឧបត្ថម្ភគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សបន្ថែម ទោះបីនៅសាធារណរដ្ឋប្រជាមានិតចិន ឬនៅកម្ពុជាក៏ដោយ។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើសុំឲ្យរដ្ឋាភិបាលចិន បន្តជួយដល់កម្ពុជាក្រោយឆ្នាំ២០២៥ តាមរយៈអង្គភាពស៊ីម៉ាក់ ក្នុងការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមនៅទូទាំងប្រទេស ក៏ដូចជាគាំទ្រផ្តល់សម្ភារៈបច្ចេកទេស និងកិច្ចសហប្រតិបត្តិការត្បូង-ត្បូង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងការបរទេស និងក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្តល់នូវកិច្ចសហការ និងរៀបចំវគ្គហ្វឹកហ្វឺននេះឡើង ក្រោមការសម្របសម្រួល និងការខិតខំប្រឹងប្រែង របស់ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត នៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជៅជូនចំពោះថ្នាក់ដឹកនាំ យោធាចារ្យ បុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យបច្ចេកទេស និងវិទ្យាសាស្ត្រកងទ័ពរំដោះប្រជាជនចិន ដែលបានរៀបចំឱ្យមានវគ្គហ្វឹកហ្វឺននេះឡើងវិញបន្ទាប់ពីខកខានរយៈពេល៣ឆ្នាំកន្លងមក នឹងសង្ឃឹមថាមិត្តចិននឹងបន្តផ្តល់នូវវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាការឧបត្ថម្ភគាំទ្រដល់ការធ្វើសមយុទ្ធបោសសំអាតមីនរវាងភាគីទាំងពីរជាបន្តបន្ទាប់ទៀត៕ដោយ៖ សិរី នាគ