ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ លោក លី ឈាង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេស នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ។
តាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា៖អញ្ជើញអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមានលោក លោកស្រី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនសំខាន់ៗជាច្រើនរូបរបស់កម្ពុជា។
ក្នុងឱកាសនៃទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសម្ដែងការគួរសមដោយឡែកពីគ្នាជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោក ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។ កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើ ប្រធានបទមួយចំនួន រួមមានការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងកម្ពុជា -ចិន ព្រមទាំងកិច្ចការតំបន់និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។
បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ស្របពេលដែលកម្ពុជានិងចិន កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិននាពេលខាងមុខ នឹងពង្រឹងបន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ នឹងពង្រីកក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញកិច្ចសហការលើវិស័យជាច្រើន ក្នុងវេទិកាតំបន់និងអន្តរជាតិនានា ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេសនិងប្រជាជនទាំងពីរ៕