Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ចាត់ឲ្យអធិការស្រុកអង្គស្នួល ចុះដោះស្រាយករណី ដែលគ្រូបង្រៀនម្នាក់ ត្រូវក្មេងស្ទាវ វាយប៉ុនប៉ងសម្លាប់

កណ្ដាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមធ្វើការបំភ្លឺឆ្លើយតបជូនសាធារណជន ទៅនឹងគណនីហ្វេសបុកឈ្មោះ Armada buys App ដែលបានបង្ហោះមានខ្លឹមសារ៖ លោកឪពុកខ្ញុំឈ្មោះ អ៊ុយ អាន អាយុ៨១ឆ្នាំ មុខរបរគ្រូបង្រៀនចូលនិវត្ត ទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានក្មេងស្ទាវ ឈ្មោះ ហ៊ួរ ភេទប្រុស បានវាយប៉ុនប៉ងសម្លាប់ ដោយចេតនាលើឪពុកខ្ញុំបាទ (វាយគាត់រហូតដួលដេកស្តូកគិតថាស្លាប់ ក្នុងថ្លុកឈាម ហើយបានជនល្មើសដើរចេញ បានឈប់បន្តវាយទៀត) សូមលើកម្រាមដៃដប់ប៉ូលីសជួយរកយុត្តិធម៌ ដល់ឪពុកខ្ញុំបាទផង កើតហេតុនៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល សូមអរគុណដោយក្តីអនុគ្រោះ។ កើតហេតុថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៤៖៣០ល្ងាច។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឲ្យលោកអធិការនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវបំភ្លឺករណីខាងលើ ទទួលបានលទ្ធផលដូចខាងក្រោម៖

ករណីហិង្សា ដោយចេតនាកើតហេតុ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧៖២០នាទី នៅចំណុចផ្លូវបេតុង ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ភាគីទី១៖ ឈ្មោះ អ៊ុយ អាន ភេទប្រុស អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀនចូលនិវត្តន៍ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ភាគីទី២៖ ឈ្មោះ ទូច សេងហួរ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិករ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ផលប៉ះពាល់៖ ឈ្មោះ អ៊ុយ អាន របួសបែកក្បាលដេរ៥ថ្នេរ ជាំភ្នែកខាងឆ្វេង។

ឈ្មោះ ទូច សេងហួរ ត្រូវបានឈ្មោះ អ៊ុយ អាន យកកាំបិតផ្គាក់គប់ត្រូវពីក្រោយចំឆ្អឹងខ្នង (គ្មានស្នាម)។

សភាពរឿងហេតុ:នៅមុនពេលកើតហេតុ ឈ្មោះ ទូច សេងហួរ បានជិះម៉ូតូត្រឡប់មកពីហូបសាច់គោអាំងមកផ្ទះវិញ ពេលដល់មុខផ្ទះខ្លួន ស្រាប់តែឈ្មោះ អ៊ុយ អាន បានកាន់កាំបិតផ្គាក់ មកដេញកាប់ឈ្មោះ ទូច សេងហួរ តែកាប់មិនត្រូវ ហើយឈ្មោះ ទូច សេងហួរ បានជិះហួសមុខផ្ទះបន្តិច។

ពេលនោះ ឈ្មោះ អ៊ុយអាន បានយកកាំបិតផ្គាក់នោះគប់ ទៅឈ្មោះទូច សេងហួរ បណ្ដាលឲ្យត្រូវពីក្រោយចំឆ្អឹងខ្នង តែមិនមានរបួសស្នាមទេ។ រួចហើយឈ្មោះ អ៊ុយ អាន បានរត់ទៅរើសយកកាំបិត ផ្គាក់ដដែលនោះ បម្រុងកាប់ទៅលើឈ្មោះ ទូច សេងហួរ ម្តងទៀត តែឈ្មោះ ទូច សេងហួរ បានចុះពីលើម៉ូតូមកចាប់កាំបិត ពីឈ្មោះ អ៊ុយ អាន កុំឲ្យកាប់មកលើខ្លួនទៀត។

ពេលនោះ ភាគីទាំង២នាក់ បានប្រតាយប្រតប់គ្នា ហើយឈ្មោះ ទូច សេងហួរ បានរុញឈ្មោះ អ៊ុយ អាន ហើយឈ្មោះ អ៊ុយ អាន បានរអិលដួលផ្ងាកទៅក្រោយ បណ្តាលឲ្យក្បាលប៉ះជាមួយបេតុងបែកហូរឈាម។

បន្ទាប់មកឈ្មោះ ទូច សេងហួរ បានចូលទៅក្នុងផ្ទះរបស់ខ្លួន រួចតេទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ម្កាក់ ចំណែកឈ្មោះ អ៊ុយ អាន បានងើបដើរទៅផ្ទះពេទ្យជាកូនរបស់គាត់ឈ្មោះ អ៊ុយ ម៉ៅ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយសម្រាកព្យាបាលរបួសបែកក្បាលខាងក្រោយដេរ០៥ថ្នេរ និងជាំខៀវភ្នែកខាងឆ្វេង។

ក្រោយពីទទួលព័ត៌មានបានភ្លាម កម្លាំងប៉ុស្តិ៍ម្កាក់ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ តាមនីតិវិធី បានជួបឈ្មោះ អ៊ុយ អាន និងកូនស្រីឈ្មោះ អ៊ុយ ម៉ៅ ពួកគាត់បានសំណូមពរមិនដាក់ពាក្យបណ្តឹងប្តឹងតវ៉ាទេ និងសូមថ្ងៃស្អែកថ្ងៃទី២០ ទើបឆ្លើយបំភ្លឺជូនសមត្ថកិច្ច ព្រោះគាត់មិនទាន់ស្រួលខ្លួន។

លុះដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨:៣០នាទី កម្លាំងផ្នែកជំនាញ និងប៉ុស្តិ៍ បានបន្តចុះស៊ើបអង្កេតស្រាវជ្រាវ និងធ្វើកំណត់ហេតុដកហូតវត្ថុតាង៖ កាំបិតផ្គាក់ចំនួនមួយរបស់ឈ្មោះ អ៊ុយ អាន គាត់មិនព្រមប្រគល់ឲ្យទេ ប៉ុន្តែគាត់ទទួលស្គាល់ថាពិតជាកាំបិតផ្គាក់របស់ខ្លួន។

មូលហេតុបង្កហិង្សា៖ គ្រួសារឈ្មោះ អ៊ុយអាន និងគ្រួសារឈ្មោះ ទូច សេងហួរ ជាអ្នករស់នៅជិតខាងគ្នា កន្លងមកធ្លាប់មានទំនាស់ពាក្យសម្តីដៀមដាមផ្លែផ្កាដាក់គ្នា។

បញ្ជាក់៖ ឈ្មោះ ទូច សេងហួរ បានបំភ្លឺថាឈ្មោះ អ៊ុយ អាន ធ្លាប់ធ្វើសកម្មភាពកាន់កាំបិតផ្គាក់ និងពូថៅ មករករឿងខ្លួនចំនួន៣លើកមកហើយ។

តាមការបំភ្លឺសាក្សីឈ្មោះ យឹម ដាត ភេទប្រុសនអាយុ៤២ឆ្នាំ មុខរបមិនពិត នៅភូមិត្រពាំងត្នោត ឃុំ ម្កាក់ បានបំភ្លឺថា៖ កន្លងមកឈ្មោះ អ៊ុយ អាន ធ្លាប់មកពឹងខ្លួនឲ្យទៅជួយវាយឈ្មោះ ទូច សេងហួរ ចំនួនពីរលើកមកហើយ ប៉ុន្តែខ្លួនពុំបានយល់ព្រម។

សន្និដ្ឋាន៖ ចំពោះករណីខាងលើនេះ ជាករណីហិង្សាដោយចេតនា ទៅវិញទៅមក។

បច្ចុប្បន្ន សមត្ថកិច្ចផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *