ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឱ្យអគារនុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ចូលជួបពិភាក្សាអំពីបញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ ដោយសារកំណើនទណ្ឌិត មានការកើនឡើងមួយរយ:ពេលចុងក្រោយនេះ។
ក្នុងជំនួបដែលបានធ្វើឡើង នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើសុំកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ លើកិច្ចការពារសុវត្ថិភាព សន្តិសុខ ចំពោះការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងប្តេជ្ញារួមសហការគ្នាពង្រឹងការងារគ្រប់គ្រងប័ណ្ណសារទណ្ឌិត តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅបង្កើនប្រសិទ្ធភាពក្នុងការងារស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសនានា។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឯកភាព និងគាំទ្រលើការធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងការផ្ទេរទណ្ឌិតពីពន្ធនាគារមួយទៅពន្ធនាគារមួយ និងបន្តរួមកិច្ចសហការគ្នាឲ្យបានល្អបន្ថែមទៀត សំដៅធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ ក្រៅពីនេះ ក៏បានលើកឡើងពីកិច្ចសហការកន្លងមកក្នុងការស្រាវជ្រាវស្វែងរកទណ្ឌិតដែលបានរត់គេចខ្លួនផងដែរ។
ក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ស ថេត និងអគារនុរក្សថ្នាក់លេខ១ ឈន សាណាត ក៏បានពិភាក្សាលើចំណុចពាក់ព័ន្ធនឹងការងារសន្តិសុខក្នុងពន្ធនាគារ ដើម្បីធានាសុខសុវត្ថិភាពសង្គម និងចូលរួមចំណែកកាត់បន្ថយបទល្មើសក្នុងសហគមន៍៕