Breaking News

ទេសរដ្ឋមន្រ្តី លី ធុជ ៖ ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស

(ភ្នំពេញ) ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា លើដំណើរការ និងគោលបំណងនៃការរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងប្រព្រឹត្តិទៅរយៈពេល ០៣ ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងមានតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣របស់កម្ពុជា បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបន្តទទួលការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលនេះបានបង្ហាញពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាតអន្តរជាតិ ស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល(អនុសញ្ញាអូតាវ៉ា)។ សន្និសិទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១/.ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើកទី២/. ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣នេះ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា សន្និសីទសកល មានគោលបំណងពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្តល់វេទិកាជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាព ក៏ដូចជាក្លាយជាវេទិកាមួយសម្រាប់អ្នកតំណាងសហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព អ្នកចូលរួមអនុវត្ត តំណាងរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតីរួបរួមគ្នា មេត្តាធម៌ និងការប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាប្រឈមជាសាកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែលលើសពីការងារបោសសម្អាតមីន។ 

ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេស ចូលរួម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសង្កត់ធ្ងន់បន្ថែមទៀតថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងឆ្នាំ២០២៤ នឹងផ្តោតលើការងារអាទិភាពសំខាន់ៗចំនួន ៤ រួមមាន ៖ 

១.ការពង្រឹងបទដ្ឋាន លើកកម្ពស់សកលភាវូបនីយកម្ម និងបន្តការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តអនុសញ្ញា។

២.អនុវត្តមាត្រា៥នៃអនុសញ្ញា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋភាគី និងរដ្ឋភាគី ដែលរងផលប៉ះពាល់ដោយសារមីន ក្នុងតួនាទីផ្តល់ជំនួយ និងការបង្កើនមូលនិធិ តាមរយៈភាពជាដៃគូក្នុងវិស័យឯកជន។

៣.ជំរុញការផ្លាស់ប្តូរក្នុងការអនុវត្តវិធីសាស្រ្ត និងបច្ចេកវិទ្យាដែលល្អបំផុត ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការសកម្មភាពមីន តាមរយៈកិច្ចសហប្រតិបត្តិការភាគខាងត្បូង-ខាងត្បូង ទាំងទ្វេភាគី ត្រីភាគី និងពហុភាគី

៤.ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការគ្រោះថ្នាក់បន្ថែមទៀត និងកិច្ចសហប្រតិបត្តិការជាមួយវិស័យផ្សេងទៀត ដើម្បីធានាបាននូវការគាំទ្រប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ដល់អ្នករស់រានមានជីវិតពីគ្រោះថ្នាក់ដោយសារមីនប្រឆាំងមនុស្ស រួមទាំងគំនិតផ្តួចផ្តើមដែលកើតចេញពីសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន គឺជាការបង្ហាញអំពីការទទួលខុសត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា៕ដោយ៖ សិរី នាគ

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *