ភ្នំពេញ៖ បន្ទាប់ពីសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះភ្ញៀវកិត្តិយស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ការបន្តកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្វីស នឹងជំរុញការអនុវត្តចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមមគ្គទេសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី កាន់តែមានប្រសិទ្ធភាព និងបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតជូនឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្ដមអភិសន្តិបណ្ឌិត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធស្វីស តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ដែលបានរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា រួមទាំងជំនួយលើវិស័យផ្សេងៗទៀត ដូចជា ៖ ការងារពង្រឹងគណនេយ្យភាពសង្គម, ការងារបោសសម្អាតមីន, ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន, បម្រែបម្រួលអាកាសធាតុ និងការជួយគាំទ្រផ្នែកសេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យគន្ធបុប្ផា។
ក្នុងជំនួបប្រកបដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលនេះដែរ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីគម្រោងរបស់រដ្ឋាភិបាលស្វីសដែលកំពុងតែអនុវត្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងក្របខ័ណ្ឌតំបន់មេគង្គឆ្នាំ២០២២-២០២៥ ដែលមានលក្ខណៈពហុវិស័យចំនួន ៣ រួមមាន ៖ អភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋ, ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ទន្ទឹមនឹងការអបអអរសាទរ និងជូនពរចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងអាណត្តិនេះ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានសម្ដែងនូវការជឿជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានយកឱកាសសម្ដែងការអបអរសាទរចំពោះថ្ងៃខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធស្វីស កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋស្វីស ដែលតែងតែជួយគាំទ្រដល់កម្ពុជាក្នុងចំណងទាក់ទងជាមិត្តភាពដ៏ស្និទ្ធស្នាល និងភាពជាដៃគូដ៏យូរអង្វែងលើវិស័យផ្សេងៗ ដោយបាននាំមកនូវការរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា។ ឯកអគ្គរដ្ឋទូតស្វីស បានថ្លែងឯកភាពចំពោះការវាយតម្លៃរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ស្វីស។ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូតស្វីស បានយកឱកាសថ្លែងអំណរគុណផងដែរចំពោះឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម៕SRN