ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបាន រៀបចំធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល លើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះ ពីសង្រ្គាម ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នាសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
សន្និសីទសកលលើកទី៣នេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងមានការអញ្ជើញ ពីតំណាងមកពីប្រទេសចំនួន ៤៥ បណ្តាអង្គទូត តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិពាក់ព័ន្ធ ប្រមាណជាង២០០នាក់។
សូមបញ្ជាក់ថា ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣នេះ គឺជាការបង្ហាញអំពីការទទួលខុស ត្រូវប្រកបដោយមេត្តាធម៌របស់កម្ពុជា និងដើម្បីពង្រឹងការអនុវត្តផែនការសកម្មភាពអូស្លូ ក្រោមអនុសញ្ញាអូតាវ៉ា ព្រមទាំងផ្ដល់វេទិកា ជូនរដ្ឋភាគីនៃអនុសញ្ញាធ្វើការរាយការណ៍ពីវឌ្ឍនភាពក៏ដូចជា សហគមន៍ដែលរងផលប៉ះពាល់ ជនរងគ្រោះថ្នាក់ដោយសារមីន/សំណល់ជាតិផ្ទុះពីសង្គ្រាម ជនមានពិការភាព។ ម្យ៉ាងវិញទៀត សន្និសីទសកលលើកទី៣នេះ ក៏ដើម្បីឱ្យអ្នកចូលរួមអនុវត្តរដ្ឋភាគី និងសង្គមស៊ីវិល បង្ហាញពីដំណើរនៃកិច្ចសហប្រតិបត្តិការ ស្មារតី រួបរួមគ្នា មេត្តាធម៌និងការប្តេជ្ញារួមគ្នា ដោះស្រាយបញ្ហាប្រឈមជាសកល ដែលជួបប្រទះក្នុងការអនុវត្តកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងកាតព្វកិច្ចដែល លើសពីការងារបោសសម្អាតមីន។ ជាងនេះទៅទៀត បទពិសោធន៍ និងទស្សនៈល្អៗក្នុងសន្និសីទសកលលើកទី៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ក្នុងការបង្កើតឱ្យមាននូវផែនការសកម្មភាពថ្មីៗ ដែលរដ្ឋភាគីនឹងត្រូវអនុម័តនៅក្នុងសន្និសីទត្រួតពិនិត្យឡើងវិញលើកទី៥ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែធ្នូ ឆ្នាំ២០២៤ ដែលកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំ និងមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជា ២០០ប្រទេសចូលរួម។
សន្និសីទសកលនេះ ធ្លាប់ប្រារព្ធចំនួន២លើក គឺលើកទី១/.ប្រទេសកូឡុំប៊ី ឆ្នាំ២០១៤ និងលើកទី២/.ប្រទេសហ្សកដានី ក្នុងឆ្នាំ២០១៩។ ចំណែកឯលើកទី៣ ឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្រោមកិច្ចសហការរៀបចំរវាងអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមកាប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងសកលនៃសហភាពអឺរ៉ុប និរាជរដ្ឋាភិបាលកម្ពុជា ដែលជាភាគីជាម្ចាស់ផ្ទះ៕SRN