Breaking News

រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ កោតសរសើរសមត្ថកិច្ចខេត្តកណ្ដាលពូកែចាប់ជនល្មើសដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ខណៈខេត្តកណ្តាលគឺជាកន្លែងមួយដែលការអនុវត្តច្បាប់មានប្រសិទ្ធភាព

កណ្តាល៖ ឯកឧត្តម កើត រិទ្ធ បានថ្លែងកោតសរសើរដល់សមត្ថកិច្ចខេត្តកណ្ដាលដែលតែងតែបង្ក្រាបរាល់ជនល្មើសនិងបទល្មើសបានល្អប្រសើរនិងបាន​សហការ​ជាមួយ​សាលាដំបូង​និង​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្នុងការ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ។ឯកឧត្តមបន្តថា «ភាគច្រើនជនល្មើសឲ្យតែហ៊ានចូលដល់ដីខេត្តកណ្ដាល ហើយឲ្យតែឈ្លើយបន្តិច គឺថាចាប់ជាប់ទាំងអស់។ ខេត្តកណ្តាលគឺជាកន្លែងមួយដែលការអនុវត្តច្បាប់មានប្រសិទ្ធភាព។ជាពិសេសសមត្ថភាពរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌របស់យើងដែលតែងតែរកឃើញនូវជនល្មើស និងធានាបាននូវភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ»។ ជាក់ស្តែងករណីប្ដីសម្លាប់ប្រពន្ធ សម្លាញ់កូននៅស្រុកកណ្ដាលស្ទឹងដែលជាករណីថ្មីជាងគេ ហើយកម្លាំងសមត្ថកិច្ចយើងទៅដល់ប៉ោយប៉ែត ទៅដល់ខេត្តបន្ទាយមានជ័យដើម្បីស្រាវជ្រាវចាប់យកមកបានវិញ នេះគឺជាកម្រិតលេខប្រសិទ្ធភាពខ្ពស់ជាងមុន។

ការថ្លែងកោតសរសើររបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ចំពោះសមត្ថកិច្ចខេត្តកណ្ដាល នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងឯកឧត្ដម ជឺ សុខ ជាប្រធានតុលាការខេត្តកណ្ដាល ជំនួសឯកឧត្តម ហុក វ៉ាន់ធីណា ដែលត្រូវផ្លាស់ទៅជាប្រធានតុលាការខេត្តសៀមរាបវិញ ក្រោយកាន់តំណែង នៅខត្តកណ្ដាលជាង ៩ឆ្នាំកន្លងមក។

នាឱកាសនោះ ឯកឧត្ដម កើត រិទ្ធ ក៏បានគូសបញ្ជាក់ថា ការតែងតាំង ផ្លាស់ប្តូរ និងផ្ទេរភារកិច្ចនេះ គឺជារឿងធម្មតាក្នុងគោលបំណងដើម្បីធានាឱ្យមានកិច្ចដំណើរការការងារកាន់តែមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់ការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ប្រកបដោយភាពមិនលម្អៀង ភាពត្រឹមត្រូវ និងភាពយុត្តិធម៌។

ជាមួយនោះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បាន​ក្រើនរំលឹក​ជាថ្មី ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជការ​ទាំង​អស់នៃ​សាលាដំបូង​ខេត្ត​កណ្តាល ពិសេស​ឯកឧត្តម​ ជឺ សុខ ​ដែល​ទើប​តែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាលត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បានល្អ ហើយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​ និង​ដើម្បី​លើកកម្ពស់​អភិបាលកិច្ច​ល្អ កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ទៀតថា សម្រាប់នីតិកាលទី៧នេះ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅតែជាការងារអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល ហើយការកែទម្រង់នេះគឺជាមុំមួយដ៏សំខាន់ក្នុងចំណោមមុំទាំង៥ របស់យុទ្ធសាស្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងនោះការលើកកម្ពស់ និងពង្រឹងយុត្តិធម៌ គឺជាអាទិភាពសំខាន់១ ដែលក្នុងនោះក្រសួងយុត្តិធម៌បានរៀបចំផែនការ សម្រេចនូវផែនការអាទិភាពសំខាន់ៗចំនួន៣ រួមមាន៖
ទី១៖ ការបង្កើតយន្តការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ, ទី២៖ ការជំរុញ និងការពន្លឿនសំណុំរឿងក្តីនៅតាមតុលាការ,និងទី៣៖ ត្រួតពិនិត្យដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ សំដៅជួយដោះស្រាយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ និងលើកកម្ពស់តម្លាភាព សុច្ចរិតភាព និងភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ និងចំណាត់ការរឿងក្តីដោយតុលាការ៕SRN

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *