Breaking News

តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញក្នុងកម្មវិធីបើកសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព

(ភ្នំពេញ) ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភូគីត្រា តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញក្នុងកម្មវិធីបើកនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលសហការរៀបចំដោយអាជ្ញាធរមីន និងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។

សន្និសីទកលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាធាតុចូលសម្រាប់ផែនការសកម្មភាពនៃអនុសញ្ញាអូតាវ៉ា និងផ្តល់ជាវេទិកាកម្រិតសាកលដើម្បីឱ្យសហគមន៍ និងជនទទួលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ខ្លួន រួមទាំងការចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកវិទ្យា និងគំនិតថ្មីៗក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះនានា។ សន្និសីទសាកលនេះ មានការចូលរួមពីជនរងគ្រោះ អ្នកជំនាញក្នុងវិស័យកិច្ចសង្គ្រោះជនរងគ្រោះ ពិការភាព សិទ្ធិមនុស្ស សុខាភិបាល ការងារ អភិវឌ្ឍន៍ និងវិស័យផ្សេងៗទៀត សរុបប្រមាណ ២០០ នាក់ មកពី ៤៥ ប្រទេស ដែលជាសមាជិក និងមិនមែនជាសមាជិកនៃអនុសញ្ញាអូតាវ៉ា។

ក្នុងឱកាសនៃពិធីបើកសន្និសីទសកលនេះ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងនូវសេចក្តីស្វាគមន៍ និងអំណរគុណដល់សមាសភាពចូលរួមទាំងដែលមកពីប្រទេសនានាក្នុងពិភពលោក ដើម្បីចូលរួមក្នុងសនិ្នសីទសកលនេះ និងថ្លែងអំណរគុណដល់សហភាពអឺរ៉ុបដែលបានគាំទ្រជាថវិកាសម្រាប់ការរៀបចំសន្និសីទនេះឡើង។ ឯកឧត្តមបានគូសបញ្ជាក់ថា ការរៀបចំ ក៏ដូចជាការចូលរួមក្នុងសន្និសីទសកលនេះ គឺជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋភាគី ក្នុងការបំពេញកតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងជាពិសេសកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងភាពចាំបាច់ក្នុងការបញ្ចូលកិច្ចសង្គ្រោះជនរងគ្រោះ ចូលទៅក្នុងគោលនយោបាយ និងផែនការជាតិ ព្រមទាំងក្របខ័ណ្ឌច្បាប់នានា ដើម្បីធានាថា ជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញ។ កិច្ចសង្គ្រោះជនរងគ្រោះនេះផងដែរ ក៏បានឆ្លុះបញ្ចាំងពីកតព្វកិច្ចនៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ផងដែរថា “យើងមិនត្រូវសម្លឹងមើលជនរងគ្រោះដោយសារមីនត្រឹមតែជាទិន្នន័យនោះទេ យើងត្រូវសម្លឹងមើលពួកគេជាមនុស្សមានជីវិត ជាម្តាយដែលចិញ្ចឹមបីបាច់កូនៗ ជាឳពុកដែលត្រូវការពារក្រុមគ្រួសារខ្លួន ជាក្មេងដែលមានក្តីស្រមៃ ជាកសិករដែលខិតខំប្រឹងប្រែងដើម្បីជីវិតខ្លួន និងជាបុគ្គលដែលគ្មានកំហុស តែត្រូវទទួលរងនូវជោគវាសនាដ៏អាក្រក់បែបនេះ។ គ្រាប់មីនបានបន្សល់ទុកស្លាកស្នាម ទាំងនៅលើរាងកាយ និងក្នុងចិត្តរបស់ពួកគេ ហើយជីវិតរបស់ពួកគេ ត្រូវរងការបំផ្លិចបំផ្លាចខ្ទេចខ្ទាំក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ មិនមែនត្រឹមជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ តែវាជាកិច្ចការសិទ្ធិមនុស្ស និងកិច្ចការសុខាភិបាលសាធារណៈ ហើយវាទាមទារឱ្យមាន ការប្តេជ្ញាចិត្តខ្ពស់ ការគាំទ្រ និងសកម្មភាពរួមគ្នាពីគ្រប់មជ្ឍដ្ឋាន ជាពិសេសពីរដ្ឋភាគីនៃអនុសញ្ញា ដើម្បីធានាថា យើងអាចជួយសង្គ្រោះដល់ជនរងគ្រោះនៅក្នុងគ្រាដែពួកគេត្រូវការយើងបំផុត និងជួយឱ្យជីវិតជនរងគ្រោះទូទាំងពិភពលោក រួមទាំងក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ កាន់តែប្រសើរឡើង។ ឯកឧត្តមជឿជាក់ថា សន្និសីទនេះមិនត្រឹមតែជាវេទិការចែករំលែកបទពិសោធន៍ និងចំណេះដឹងប៉ុណ្ណោះទេ តែវាជាពេលវេលាសម្រាប់ការបង្ហាញពីទឹកចិត្តក្នុងការរួបរួមគ្នាក្នុងការបំពេញកតព្វកិច្ចសង្គ្រោះជនរងគ្រោះសកល។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានលើកឡើងអំពីវឌ្ឍនភាព និងសមិទ្ធផលក្នុងសកម្មភាពមីននៅកម្ពុជា ដោយក្នុងនោះផងដែរឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក និងជំនួយរបស់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានប្តេជ្ញាចិត្តរួមគ្នាជួយឱ្យកម្ពុជាសម្រេចបានសម្មិទ្ធផលទាំងនេះ។ សកម្មភាពមីននៅកម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍មេត្តាធម៌ និងមិនទុកជនរងគ្រោះណាម្នាក់ចោលនោះឡើយ ហើយកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបោសសម្អាតមីន ដាក់ចេញនូវកម្មវិធីសង្គ្រោះជនរងគ្រោះដែលមានភាពគ្រប់ជ្រុងជ្រោយ និងបានបង្កើតក្តីសង្ឃឹមជាថ្មីសម្រាប់ជនដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សមាសភាពចូលរួមទាំងអស់ ឱ្យបន្តរក្សាទំនាក់ទំនងដែលបានសាងក្នុងអំឡុងពេលនៃសន្និសីទ និងបន្តសម្រេចឱ្យបាននូវក្តីស្រមៃរួម និងប្រែក្លាយការប្តេជ្ញាចិត្តទាំងអស់គ្នា ឱ្យទៅជាសកម្មភាពដើម្បីផ្លាស់ប្តូរជីវិតជនរងគ្រោះ ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ។ នៅពេលដែលជនរងគ្រោះទាំងឡាយមានភាពរឹងមាំ សង្គមជាតិយើងទាំងមូលនឹងកាន់តែមានភាពរឹងមាំផងដែរ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *