កណ្តាល៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នឹះ លោក នូ សុវណ្ណរិទ្ធអភិបាលរងស្រុក តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញជាអធិបតី វេទិកាសាធារណៈស្តីពីការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់គណៈបញ្ជការឯកភាពរដ្ឋបាលស្រុកអង្គស្នួល នៅឃុំដំណាក់អំពិល ខេត្តកណ្តាល ។
ក្នុងនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក មន្រ្តីរាជការ កងកម្លាំងទាំង៣ ក្រុមប្រឹក្សាឃុំ លោក លោកស្រីនាយកសាលាគ្រប់កម្រិត គណៈកម្មការវត្ត មេភូមិ មេភូមិរង ជំនួយការភូមិ ប្រជាការពារឃុំ យុវជន សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋ ប្រធានគណៈគ្រប់គ្រងផ្សារ វិស័យឯកជន និងអង្គការសង្គមស៊ីវិល សរុបអ្នកចូលរួម៖ ៤៦នាក់ ស្រី ១១នាក់។
សូមបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះគឺផ្តោតលើការផ្សព្វផ្សាយគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” មានចំនួន ០៧ ចំណុចរួមមាន៖
១.ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ
៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦.មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ
៧.ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ដោយ៖ សិរី នាគ