ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចពិនិត្យលទ្ធភាព និងឱកាសវិនិយោគ តាមរយៈការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដែលជួយសម្រួលដល់ការវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្តល់ផលចំណេញទាំងស្ថាប័ន និងកសិករ។
ការស្នើបែបនេះរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានធ្វើឡើងកាលពីសប្តាហ៍មុននេះ ក្នុងជំនួបជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ក្នុងការចូលរួមជួយដល់កសិករ និងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពរីកចម្រើន ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។
បើតាម លោករដ្ឋមន្ត្រី គោលនយោបាយកសិកម្មក្នុងអាណត្តិទី៧នេះ ក្រសួងមានគោលនយោបាយសហគមន៍កសិកម្មថ្មី ដែលមានធនធាន និងទុនគ្រប់គ្រាន់ មានផែនការ ការគ្រប់គ្រង និងទីផ្សារជាក់លាក់ ដែលអាចធ្វើកសិកម្មកម្រិតទ្រង់ទ្រាយធំសម្រាប់នាំចេញ។ ស្ថាប័នមីក្រូហិរញ្ញវត្ថុ អាចពិនិត្យលទ្ធភាព និងឱកាសវិនិយោគ តាមរយៈការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប ដែលជួយសម្រួលដល់ការវិនិយោគក្នុងខ្សែច្រវាក់ផលិតកម្ម និងផ្តល់ផលចំណេញទាំងស្ថាប័ន និងកសិករ។
ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀតដើម្បីជួយដល់កសិករ និងពិនិត្យលទ្ធភាពក្នុងការចែករំលែកទិន្នន័យកសិកម្ម ទីផ្សារ និងព័ត៌មានពាក់ព័ន្ធការងារកសិកម្ម ជំរុញការងារធានារ៉ាប់រងកសិកម្ម និងការផ្សព្វផ្សាយព័ត៌មានឱ្យបានដល់ប្រជាកសិករ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា គិតត្រឹមឆមាសទី ១ឆ្នាំ ២០២៣នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់កម្ចីដល់អតិថិជន មានទំហំទឹកប្រាក់ ៤០ទ្រីលានរៀល (៩,៧ពាន់លានដុល្លារ) មានកំណើន ១៤,៨% ដែលទាបជាងអត្រាកំណើនកាលពីគ្រាដូចគ្នាកាលពីឆ្នាំមុន ១៦,២%។ វិស័យដែលមានកំណើនខ្ពស់ជាងគេ រួមមាន៖ កម្មន្តសាល ៣០,៨%, អង្គភាពគ្រួសារ ១៨,៤%, ពាណិជ្ជកម្ម និងជំនួញ ១៥%, សំណង់ ១៤% និងកសិកម្ម មាន ១៣,២%៕