កែប៖ នៅសល់ពេលមិនច្រើនទេ ពិធីបុណ្យសមុទ្រជុំទី១០ លើកទី៣សម្រាប់ខេត្តកែប នឹងចូលមកដល់ ពោលគឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូខាងមុខ ដែលពិធីនេះនឹងប្រារព្ធទៅនៅបរិវេណឆ្នេរ ២.៧០០ម៉ែត្រ ក្បែរតំបន់រមណីយដ្ឋានផ្សារក្តាម។
ដើម្បីធានាបាននូវការរៀបធំពិធីថ្នាក់ជាតិលើកនេះឱ្យដំណើរការទៅដោយភាពសប្បាយរីករាយ នៅសាលប្រជុំថ្មីនៃសាលាខេត្តកែប នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចប្រជុំមួយរបស់គណៈកម្មការអន្តរក្រសួង រៀបចំកម្មវិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ដោយមានវត្តមានលោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធាន រួមជាមួយលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងដៃគូពាក់ព័ន្ធនានា ដើម្បីជជែក និងបញ្ចូលធាតុផ្សំបន្ថែម។
ថ្លែងនាពិធីនោះ លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដាក់គោលដៅខ្ពស់ក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយរីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ ទស្សនីយភាពប្លែកៗ ជាមួយវត្តមានក្រុមតារាជួរមុខ ជូនដល់បងប្អូនពលរដ្ឋលេង និងទស្សនាកម្សាន្ត ទាំងពេលថ្ងៃ និងពេលយប់ក្នុងរយៈពេល៣ថ្ងៃនេះ។
ឆ្លងកាត់ការផ្លាស់ប្តូរយោបល់ពីភាគីចម្រុះក្នុងអង្គពិធី លោកបានរំពឹងខ្ពស់ថា ពិធីបុណ្យសមុទ្រលើកនេះនឹងប្រព្រឹតិ្តទៅដោយភាពសប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចងចាំ ពីសំណាក់អ្នកចូលរួម ហើយឆ្លងកាត់នូវពិធីបុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍នៅខេត្តកែប កាន់តែមានភាពមមាញឹកបន្ថែមទៀត តាមរយៈការបញ្រ្ជាបបន្ថែមទៅកាន់អ្នកទេសចរ អំពីសក្តានុពលដែលខេត្តកែបមាន ក្នុងពិធីបុណ្យសមុទ្រនោះ។ ហើយនេះក៏ជាអ្វីដែលស្ថិតនៅក្នុងគោលបំណងនៃការបង្កើតឱ្យមានឡើងនូវពិធីបុណ្យសមុទ្រនៅតាមបណ្តាខេត្តតំបន់ឆ្នេរទាំង៤របស់យើង ដែលតែងតែរៀបចំពិធីនេះជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តនីមួយៗ។
លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ឱ្យដឹងថាដែរថា កន្លងទៅដើម្បីអាចឱ្យពិធីបុណ្យជាតិមួយនេះអាចដំណើរការទៅបានដោយភាពសប្បាយរីករាយជួនភ្ញៀវជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តកែប បានប្រឹងប្រែងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់សិល្បការនានា ធ្វើយ៉ាងណាបង្ករភាពងាយស្រួលក្នុងពេលរៀបចំពីធីបុណ្យសមុទ្រលើកនេះ ឱ្យមានភាពអធិកអធម។
លោកបន្តថា រដ្ឋបាលខេត្តកែប នឹងរង់ចាំសហការជាប់ជានិច្ចជាមួយអន្តរក្រសួង ជាពិសេសក្រសួងទេសចរណ៍ ក្នុងភាពជាម្ចាស់ផ្ទះ រាល់តម្រូវការនានាទៅតាមលទ្ធភាពដែលខេត្តកែបអាចធ្វើទៅបាន៕