Breaking News

ការដាក់លក់ផលិតផលតាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងធ្វើឲ្យកម្ពុជា​ រឹតតែល្អប្រសើរ ដើម្បីជំរុញការនាំចេញអង្ករកាន់តែច្រើន

ភ្នំពេញ៖ ការដាក់លក់ផលិតផលរបស់កម្ពុជា តាមរយៈថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក ដូចជា អង្ករ និងផ្លែមាន ដោយត្រង់លើទីផ្សារចិន និងបណ្តាប្រទេសអាស៊ាន គឺធ្វើឲ្យកម្ពុជារឹតតែល្អប្រសើរ ដើម្បីជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិកាន់តែច្រើនឡើងបន្ថែមទៀត។ នេះបើផ្អែកតាមការឲ្យដឹងពីអគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះថា ការចុះ Platform នៅលើទីផ្សារនេះ វាធ្វើឲ្យរឹតតែប្រសើរឡើងដែលយើងអាចលក់ផលិតផលផ្សេងៗទៀត មិនថាតែ អង្ករ នោះទេ។ ម្យ៉ាងវិញទៀត Alibaba វាមិនមែនសម្រាប់លក់តែនៅក្នុងស្រុកចិននោះទេ ប៉ុន្តែវាអាចពង្រីកនៅតំបន់អាស៊ី និងបណ្តាប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។

លោក លន់ យ៉េង បានសង្កត់ធ្ងន់ថា ឥឡូវនេះការវាយតម្លៃនាំចេញអង្ករទៅក្រៅរបស់សហព័ន្ធស្រូវអង្ករកម្ពុជា គឺប្រហែលមិនអាចដូចការរំពឹងទុកនោះទេ ដោយសារតែមានការប្រែប្រួលនៃបរិបទពិភពលោកលឿនពេកមួយរយៈពេលចុងក្រោយនេះ ជាពិសេសតម្លៃស្រូវឡើងថ្លៃ ពោលគឺឡើងថ្លៃជ្រុលពេក។ ដោយឡែក ក្រោយការទិញមកស្តុកទុកក៏នៅមានការស្ទាក់ស្ទើរ ដូច្នេះយើងនៅមិនទាន់ហ៊ានសន្និដ្ឋានបាននៅឡើយទេ ដោយយើងនៅចាំមើលចុងខែតុលានេះ និងអាចខែវិច្ឆិការសិន។

យោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម បានឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥,៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣.២១៣លានដុល្លារ។

ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១,៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣,៣លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។ ចំណែក តម្លៃដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣.២១៣លានដុល្លារអាមេរិក ក្នុងនោះនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥លានដុល្លារអាមេរិក, ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និងការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២.១៦០លានដុល្លារអាមេរិក។

បើតាមឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ថា បើយើងចូលទៅមើលនៅក្នុង platform ការដាក់លក់ផលិតផលខ្មែរយើងនៅទីផ្សារនេះ គេមិនតម្រូវឲ្យមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ ពីព្រោះដោយសារយើងបានពិនិត្យលទ្ធភាពរបស់យើង និងរីឯគេក៏បានពិនិត្យលទ្ធភាពរបស់គេរួចរាល់ហើយ មុននឹងគេអនុញ្ញាតឲ្យអាចដាក់លក់ផលិតផលខ្មែរបាន ដូច្នេះវាមិនមានលក្ខខណ្ឌអ្វីច្រើនពេកនោះទេ។

អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងតែជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូច្នេះហើយនៅពេលណាកម្ពុជាដាក់លក់ផលិតផលខ្មែរកាន់តែច្រើននៅលើទីផ្សារអនឡាញនេះ វានឹងជួយផ្សព្វផ្សាយទៅដល់អតិថិជនដែលជាអ្នកប្រើប្រាស់នៅលើពិភពលោកបានដឹង, បានស្គាល់ពីគុណភាព និងម៉ាក់ផលិតផលខ្មែរ ដែលបានផលិតនៅកម្ពុជា។ ចំណែក ការធ្វើពាណិជ្ជកម្មប្រព័ន្ធអនឡាញនេះ វានឹងជួយសម្រួលការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួលបានច្រើនជាងមុន និងបង្កើនចំណូលបានឆាប់រហួស ដើម្បីលុបបំបាត់នូវរបាំងផ្សេងៗទៀត ដែលពាក់ព័ន្ធទៅនឹងពាណិជ្ជកម្មនេះ។

សូមបញ្ជាក់ដែរថា កន្លងទៅថ្មីៗនេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះអនុស្សារណៈនៃការយោគយល់ (MOU) ជាមួយនឹងក្រុមហ៊ុន Alibaba របស់ប្រទេសចិន ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ “ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា៕

Check Also

អ្នកនាំពាក្យនិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលប្រាប់ឲ្យលោកចាងហ្វាងអង្គភាពសារព័ត៌មានកម្ពុជាសម័យតេជោអភិវឌ្ឍន៍ប្រញាប់ចូលមកបំភ្លឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទីតាំងលេងល្បែងស៊ីសងខុសច្បាប់

Leave a Reply

Your email address will not be published. Required fields are marked *