ភ្នំពេញ៖ លោក នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធាន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលេីកឡេីងថា ករណីគ្រឿងញៀន ត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ចាត់ទុកស្មើនឹងបញ្ហាសន្តិសុខជាតិ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចាប់ពីពេលនេះតទៅ ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃគ្រឿងញៀនបានរីករាលដាលកាន់តែច្រើន រហូតដល់ជនបទតែម្តង។
លោក នេត សាវឿន បានលេីកឡេីងដូចនេះ ក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ លោកបានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា គ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ នាពេលអនាគតយុវជន និងស្រុកយើងបាត់បង់សមត្ថភាព បាត់បង់ពលកម្ម បាត់បង់បញ្ញាញាណ និងបាត់បង់ធនធានមនុស្សជាដើម។
លោក នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជាត្បិតតែជាប្រទេសមិនបានកែច្នៃ និងផលិតគ្រឿងញៀនក៏ពិតមែន ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូលឆ្លងកាត់ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ។ ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើនសមាសភាពបន្ថែមរហូតដល់២៤ក្រសួងស្ថាប័នដើម្បីរួមគ្នាទប់ស្កាត់ និងបង្រ្កាប ករណីនេះឲ្យបានក្នុងគោលបំណងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជាតិទាំងមូល។
ទន្ទឹមនិងនេះដែរ លោក នេត សាវឿន ក៏បានស្នើឲ្យមានការដកចេញពីក្របខណ្ឌ ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ លោកបានកោតសរសើរ ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ និងធ្វើការដកឈ្មោះចេញ ពីក្របខណ្ឌ ក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀន៕