ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ៖ បេក្ខភាពប្រឡងបាក់ឌុបឆ្នាំនេះ មិនមានគោលការណ៍ដាក់ឱ្យអង្គុយប្រឡងដាច់ដោយឡែក ដោយសារតេស្តជំងឺកូវីដ-១៩ ទេ ព្រោះនៅលើពិភពលោកជំងឺមួយនេះ ត្រូវបានគេចាត់ទុកថាដូចជាជំងឺផ្តាសាយធម្មតាទៅហើយ ប៉ុន្តែជារួមក្រសួងនៅតែស្នើសុំឱ្យបេក្ខជន បេក្ខនារីគោរពគោលការណ៍បទដ្ឋាន សុខភាព អនាម័យជាដើម ជាពិសេសត្រូវថែសុខភាពឱ្យបានល្អក្នុងពេលប្រឡង ទើបមានអារម្មណ៍ល្អក្នុងការធ្វើកិច្ចការ ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថាគោលរណ៍រិតបណ្តឹងគឺនៅដដែល អ្នកចេះ គឺជាប់ ។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំសង្កត់ធ្ងន់ថា ឆ្នាំនេះស្នើសុំដល់បេក្ខភាពប្រឡងទាំងអស់ ហាមយកទូរស័ព្ទស្មាតហ្វូន និងឯកសារផ្សេងចូលក្នុងបន្ទប់ពេលប្រឡង បើសិនយកតាមខ្លួនឬយកចូល ករណីចាប់បាន នឹងឱ្យធ្លាក់ជាស្ថាពរតែម្តង។
ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កំណែប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុបចំនួន១៣៧.៤១២នាក់ (ស្រី៧៣.២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤១.៣៧៩នាក់ (ស្រី២៤.៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់ (ស្រី៤៨.៤៨៩ នាក់)។
បេក្ខជនត្រូវបានរៀបចំចំនួន២៥នាក់ក្នុងមួយបន្ទប់ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរមានចំនួនសរុប ២២៧មណ្ឌល ត្រូវជា៥.៥៤៣បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧២មណ្ឌល ត្រូវជា១.៦៨២បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន១៥៥មណ្ឌល ត្រូវជា៣.៨៦១បន្ទប់។
មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមានចំនួន១០មណ្ឌល នៅរាជធានីភ្នំពេញ។
វិញ្ញាសាទាំងអស់ ត្រូវបានជ្រើសរើសតាក់តែងរៀបចំ និងគ្រប់គ្រងដោយក្រសួងអប់រំ យុវជន និងកីឡាហើយ វិញ្ញាសាប្រ ឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងថ្នាក់នីមួយៗផងដែរ៕