Breaking News

សម្តេចធិបតី​ហ៊ុន ម៉ាណែត៖ បញ្ហាគ្រឿងញៀននៅតែជាក្តីបារម្ភ ខណៈគ្រាប់មីនលែងជាក្តីបារម្ភរបស់ពលរដ្ឋ​

កំពង់ស្ពឺ៖ ថ្លែងចេញពីខេត្ត សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅទូទាំងកម្ពុជាស្ទើរតែអស់គ្រាប់មីន​ ហើយក៏លែងជាក្តីបារម្ភរបស់ប្រជាពលរដ្ឋ ប៉ុន្តែអ្វីដែលជាក្តីបារម្ភរបស់ពលរដ្ឋគឺសុវត្ថិភាពពីគ្រោះថ្នាក់ដោយគ្រឿងញៀន។

​«ហានិភ័យពីសង្គ្រាម ហានិភ័យពីគ្រាប់មីនយើងលែងមានហើយ តែហានិភ័យនៃការព្រួយបារម្ភ របស់ប្រជាពលរដ្ឋយើងគឺពីរឿងបញ្ហាសុខសុវត្ថិភាពសង្គមគឺសំខាន់ បញ្ហាគ្រឿងញៀន បញ្ហាបងធំ បងតូច បញ្ហាល្បែងស៊ីសងផ្សេងៗគឺជាកង្វល់»។ នេះជាប្រសាសន៍របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត។

​ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀន សម្ដេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រងគ្រឿងញៀន ដោយមានក្រុមមន្រ្តីជាន់ខ្ពស់មកពីក្រសួងពាក់ព័ន្ធដែលសុទ្ធសឹងតែមានសមត្ថភាព។

សម្ដេចថា ការរៀបចំយន្តការអាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន ដោយដាក់បញ្ជូលសមាសភាពថ្នាក់ជាឧបនាយករដ្ឋមន្ត្រីរហូតដល់៤រូប ដឹកនាំយន្តការនេះ គឺបង្ហាញពីឆន្ទៈយ៉ាងមុះមុត និងការយកចិត្តទុកខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ សំដៅធ្វើយ៉ាងណាឈានទៅកាត់បន្ថយ និងលុបបំបាត់គ្រឿញៀនឲ្យកាន់តែមានប្រសិទ្ធភាព។

សម្តេចធិបតី បានថ្លែង ​​ទោះបីជាទើបបង្កើតក៏ពិតមែន តែក៏មិនទាន់បង្ក្រាបឲ្យអស់ភ្លាមៗនោះទេ ត្រូវតែមានការចូលរួមនិងសហការផងដែរ។

«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់សុទ្ធតែកម្រិតឧបនាយករដ្ឋមន្ត្រីឲ្យដឹកនាំ ដើម្បីលុបបំបាត់បញ្ហាគ្រឿងញៀនឲ្យខានតែបាន។ ហើយអាជ្ញាធរមានសមត្ថកិច្ច ត្រូវខិតខំបន្ថែមទៀតអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវខិតខំដោះស្រាយបញ្ហាដែលប្រឈម »។ នេះជាការថ្លែងបញ្ជាក់របស់​សម្តេចធិបតី។

សូមជម្រាបជូនថា ការថ្លែងនេះរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា នៅថ្ងៃព្រឹកទី៣០ ខែតុលា ឆ្នាំ២០២៣ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *