Breaking News

លោក នូ សុវណ្ណរិទ្ធអភិបាលរងស្រុកអង្គស្នួល អញ្ជើញជាអធិបតី ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ០៣ភូមិ នៃឃុំលំហាច

កណ្តាល៖ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣នេះ លោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុក តំណាងលោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអញ្ជើញជាអធិបតីក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជាប្រព័ន្ធ ដែលមានក្បាលដីចំនួន៩៧៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹង​ចេញប័ណ្ណកម្មសិទ្ធិជូន។​​ 

ក្នុងឱកាសនោះលោក នូ សុវណ្ណរិទ្ធ អភិបាលរងស្រុកអង្គស្នួល បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ។ 

លោកអភិបាលរងស្រុក បានធ្វើការក្រើនរម្លឹកដល់មន្ត្រីជំនាញ និងប្រជាពល​រដ្ឋត្រូវបន្តការយកចិត្តទុកដាក់ចូលរួមសហការឱ្យបានល្អថែមទៀត ដើម្បីជំរុញឱ្យការអនុវត្តនី តិវិធីនៃការចុះបញ្ជីដីធ្លីនេះប្រព្រឹត្ត​ទៅដោយភាពរលូន និងជោគជ័​យ។

សូមរំលឹកផងដែរថា កន្លងមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងថា រាល់ការធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ មន្ត្រីជំនាញដាច់ខាតមិនត្រូវទារលុយពីប្រជាពលរដ្ឋនោះទេ ហើយមន្ត្រីសូរិយោដី និងមន្ត្រីពន្ធដារ ត្រូវធ្វើការងារជាមួយគ្នា ឱ្យបានល្អ លឿន រហ័សជូនប្រជាពលរដ្ឋ កុំកិចកុក ពិសេសហាមដាច់ខាតរឿងដីរដ្ឋ ហាមដាច់ខាតចេញប្លង់ឱ្យគេ។

ការថ្លែងបែនេះរបស់ឯកឧត្តមអភិបាលខេត្តកណ្តាលបានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រី, មន្ត្រីជាប់កិច្ចសន្យា, អ្នកស្ម័គ្រចិត្តលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធទូទាំងខេត្តកណ្ដាល នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។

នាឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត សង្កត់ធ្ងន់ៗថា «បើលឺថាមន្ត្រីណាហ៊ានកិចកុកទារលុយទារកាក់ ហ៊ានបំពាន ដឹងថាធ្ងន់ក រឿងធំជាមួយខ្ញុំមិនខានឡើយ កុំថាខ្ញុំមិនបានប្រាប់»។

ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានជំរុញដល់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំបន្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ និងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនដល់ប្រជាពលរដ្ឋឱ្យបាន ឆាប់រហ័សតាមការគ្រោងទុក និងស្នើឱ្យអភិបាលក្រុង-ស្រុក និងមន្ទីរសហការគ្នា និងជម្រុញការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅតាមបណ្តាក្រុង ស្រុក ទូទាំងខេត្តកណ្តាល ឱ្យបានចប់តាមផែនការ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *