ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំឲ្យក្រសួងមហាផ្ទៃបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព យកចិត្តទុកដាក់ជាពិសេសទៅលើការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិដែលដាក់ចេញទៅដោយរាជរដ្ឋាភិបាលទៅជាការអនុវត្តដែលមានរដ្ឋបាលក្រោមជាតិ និងនៅជាប់ផ្ទាល់នឹងបញ្ហាតាមមូលដ្ឋាន »។
សម្តេចធិបតី បានបន្តថា «ពិតណាស់គោលនយោបាយមិនអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះ បើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតនឹងមិនបានទទួល នូវជោគជ័យនោះទេ ប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល ក្នុងន័យនេះក្រៅពីការផ្ដល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជា ក្រសួងមហាផ្ទៃបានដើរតួនាទីដ៏សំខាន់មួយទៀត ជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឲ្យគោលនយោបាយរបស់រដ្ឋាភិបាលក្លាយទៅជាសកម្មភាពជាក់ស្ដែងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជន»។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់មន្រ្តីពាក់ព័ន្ធដែលកន្លងទៅបានធ្វើការងារយ៉ាងសកម្មចះុបង្រ្កាបករណីនានាដែលបង្កអសន្តិសុខចំពោះមូលដ្ឋាន បំរើពលរដ្ឋបានល្អ។
សូមជម្រាបថា លក្ខណសម្បត្តិរបស់ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» មានដូចជា ៖ទី១-ផ្ដល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។ ទី២-គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ទី៣-មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ ទី៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ដ្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។ ទី៥-ដោះស្រាយវិធានការនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ទី៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ និងទី៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្ដរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕