Breaking News

មណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិទាំង ៣១ ក្នុងរាជធានីភ្នំពេញ ប្រព្រឹត្តទៅដោយរលូន សមត្ថកិច្ចប្រើប្រាស់កម្លាំងការពារ ៧០០នាក់

ភ្នំពេញ៖ នេះបើយោងតាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ វិច្ឆិកា ឆ្នាំ២០២៣នេះ ស្ថានភាពសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមទីតាំងមណ្ឌលប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) ទាំង៣១មណ្ឌល ក្នុងរាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូន នៅថ្ងៃទី១នៃការបើកសម័យប្រឡងឆ្នាំ២០២៣ ដោយសមត្ថកិច្ចប្រើប្រាស់កម្លាំងការពារប្រមាណ ៧០០នាក់។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឱ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិទ្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងសរុបវិធានការសរុបប្រមាណ ៧០០នាក់ ដើម្បីការពារសុវត្ថិភាពជូនដល់បេក្ខជន ក៏ដូចជាស្ថានភាពទូទៅ និងជួយសម្រួលការកកស្ទះចរារចណ៍នៅតាមដងផ្លូវក្បែរមណ្ឌលប្រឡងទាំង ៣១មណ្ឌល ក្នុងរាជធានីភ្នំពេញផងដែរ។ ស្ថានភាពនៅព្រឹកថ្ងៃទី១ នៃសម័យប្រលងទុតិយភូមិឆ្នាំ២០២៣ប្រព្រឹត្តទៅដោយរលូនប្រកបសុវត្ថិភាពល្អនៅតាមមណ្ឌលប្រឡងនីមួយៗ។ 

សូមបញ្ជាក់ថា ដំណើរការសំណេរប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ចំពោះដំណើរការកំណែ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ដោយឡែក ដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងងផ្ទៀងផ្ទាត់ពិន្ទុ នឹងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់ពីនេះ ក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧,៤១២នាក់(ស្រី៧៣,២៧៨នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន ៤១,៣៧៩នាក់(ស្រី២៤,៧៨៩នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៦,០៣៣នាក់ (ស្រី៤៨,៤៨៩ នាក់)៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ រយៈពេល៥ថ្ងៃ

Leave a Reply

Your email address will not be published. Required fields are marked *