កណ្តាល៖ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសកម្មភាពអាជីវកម្ម ជីកដី និងការដឹកជញ្ជូនដី ដល់ក្នុងការដ្ឋានចំនួន ២កន្លែង ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង។ ក្រុមការងារចម្រុះ បានចុះពិនិត្យ និងផ្អាកអាជីវកម្ម ជីកដី ខាងលើជាបណ្តោះអាសន្ន ដោយសារតែពុំទាន់មានអាជ្ញាប័ណ្ណអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងអាជ្ញាប័ណ្ណដែលហួសសុពលភាព។
លោកបានណែនាំ ដល់អាជ្ញាធរស្រុកកណ្តាលស្ទឹង ត្រូវចុះស្រង់ស្ថិតិ រាល់អាជីវកម្មរ៉ែទាំងឡាយណាដែលគ្មានអាជ្ញាប័ណ្ណ ឬអាជ្ញាប័ណ្ណហួសសុពលភាពឲ្យអស់ ហើយត្រូវណែនាំឲ្យម្ចាស់អាជីវកម្មទាំងនោះ ត្រូវស្នើសុំធ្វើអាជ្ញាប័ណ្ណថ្មី ឬបន្តសុពលភាពអាជ្ញាប័ណ្ណរបស់ខ្លួនឡើងវិញ ឲ្យបានត្រឹមត្រូវស្របតាមច្បាប់កំណត់ និងគោរពអនុវត្តឲ្យបានតាមកិច្ចសន្យា។
ក្នុងការចុះត្រួតពិនិត្យរណ្តៅដីទាំង ២ខាងលើដែលរណ្តៅទី ១ របស់លោក ថុន ផាន់ណារ៉ូល ដែលមានទីតាំងស្ថិតក្នុងភូមិច្រឡាំង ឃុំរលាំងកែន គឺក្រុមការងារចម្រុះបានរកឃើញថា ទីតាំងខាងលើមានសកម្មភាពជីកដី ក្នុងទីតាំងចាស់ និងទីតាំងកំពុងស្នើសុំអាជ្ញាប័ណ្ណ និងពុំមានរបងព័ទ្ធជុំវិញការដ្ឋាន និងគ្មានលក្ខណៈបចេ្ចកទេសត្រឹមត្រូវ ក្នុងការជីកនោះទេ។
ចំណែករណ្តៅដីទី ២ របស់លោក ឡាង លីហួ ស្ថិតក្នុងភូមិ អន្លង់រមៀតខាងត្បូង ឃុំអន្លង់រមៀត គឺទីតាំងខាងលើ កំពុងមានសកម្មភាពធ្វើអាជីវកម្មចំនួន ១រណ្តៅដែលមានទំហំ ២៥៩៣១,២ម៉ែត្រ ដែលមានជម្រៅ ៨,៣៤ម៉ែត្រ ហើយក្រុមការងារបានវាស់វែង ជាក់ស្តែងរកឃើញថា រណ្តៅនេះ គឺខុសតាមគោលការណ៍របស់ក្រសួងបានណែនាំ និងអាជ្ញាប័ណ្ណហួសសុពលភាព។
លោកបន្តថា ដើម្បីដំណើរការអាជីវកម្មឡើងវិញបាន ទាល់តែម្ចាស់អាជីវកម្ម សុំច្បាប់ចេញពីរដ្ឋបាលខេត្ត ក្រសួង និងមន្ទីររ៉ែ និងថាមពលស្រប់ច្បាប់ ទើបអាចប្រកបអាជីវកម្មបាន។ បើមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវទេ អាជ្ញាធរ និងមន្ទីរត្រូវធ្វើការបិទជាបណ្តោះអាសន្ន និងធ្វើការផាកពិន័យ ទៅច្បាប់របស់ក្រសួងដែលបានចែង។
ទន្ទឹមនឹងនេះដែរ លោកក៏បានជំរុញដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តតាមកិច្ចសន្យា និងច្បាប់ពាក់ព័ន្ធនានា រាល់ការដឹកដី ដឹកខ្សាច់ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដឹកកុំឲ្យហុយ និងជ្រុះខ្សាច់មកលើផ្លូវ ដែលបានធ្វើឲ្យប៉ះពាល់ដល់អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ និងដើម្បីចូលរួមចំណែក ចំពោះ តម្រូវការនៃការអភិវឌ្ឍ។ ប៉ុន្តែការប្រកបអាជីវកម្មនោះ ត្រូវគោរពតាមបទដ្ឋានបច្ចេកទេស មិនត្រូវធ្វើឲ្យប៉ះពាល់ដល់សហគមន៍ ជីវភាព និងសុខុមាលភាពប្រជាពលរដ្ឋឡើយ។
លោកបានបន្ថែមថា ក្រុមការងារ នឹងបន្តចុះពិនិត្យតាម ការដ្ឋានអាជីវកម្មជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យនានា ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដែលនៅជិតតំបន់នោះ និងអ្នកធ្វើដំណើរតាមដងផ្លូវ។
សូមបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ ដែលមានដីស្រែ នៅក្បែរកន្លែងប្រកបអាជីវកម្ម ជីកដី បានសំណូមពរដល់ម្ចាស់អាជីវកម្ម មេត្តាធ្វើរបងឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ផ្សេងៗ និងមិនត្រូវជីក បំពានប៉ះពាល់ដល់ដីស្រែរបស់ពួកគាត់ឡើយ ព្រមទាំងត្រូវគោរពតាមអាជ្ញាប័ណ្ណ ដែលក្រសួងអនុញ្ញាតឲ្យធើ្វអាជីវកម្ម៕ដោយ៖ សិរី នាគ