ភ្នំពេញ៖ បន្ទាប់ពីភាពស្ងប់ស្ងាត់នៃការរីករាលដាលជំងឺកូវីដ១៩ កម្ពុជា បានបើកប្រទេសឡើងវិញ គ្រប់វិស័យចាប់តាំងពីចុងឆ្នាំ ២០២១។ សេដ្ឋកិច្ចកម្ពុជាបានចាប់ផ្តើមងើបឡើងវិញ ក្នុងឆ្នាំ២០២២ ដោយសម្រេចបានកំណើន៥.២% ដោយសារមានកើនឡើងជាងការរំពឹងទុកនៃផលិតកម្ម សេវាកម្មទេសចរ និងសេវាគាំទ្រផ្សេងទៀត ទោះបីប្រទេសចិន នៅបន្តបិទប្រទេសរបស់ខ្លួន ដើម្បីទប់ទល់និងការរីករាលដាល នៃជំងឺកូវីដ១៩ ក៏ដូច ជាការផ្ទុះឡើងនៃសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ដែលបង្កឲ្យមានវិបត្តិអតិផរណា ក្នុងនោះថ្លៃទំនិញ និងថ្លៃថាមពលបានកើន ឡើងខ្លាំង ដែលនាំឲ្យមានការរឹតបន្តឹងរូបិយវត្ថុ នៃប្រទេសអភិវឌ្ឍក្នុងសាកលលោក។
នេះជាប្រសាសន៍ លោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅ ក្នុងសិក្ខាសាលាដើម្បីស្វែងយល់ អំពីការកសាងក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាង ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៦ ខែ វិច្ឆិកាឆ្នាំ ២០២៣ នៅវិមានរដ្ឋសភា។
លោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍បន្តថា៖ តាមការវាយ តម្លៃកាលពីពាក់កណ្តាលឆ្នាំ២០២៣ កន្លងទៅនេះ សម្រាប់ឆ្នាំ២០២៣និងឆ្នាំ ២០២៤នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា មានកំណើនប្រសើរជាងឆ្នាំ ២០២២ ដោយការបើកប្រទេសឡើងវិញរបស់ចិន ក្រោយជំងឺកូវីដ១៩បានស្រាកស្រាន ការវិលមករកស្ថានភាធូរស្រាល នៃស្ថានភាពសេដ្ឋកិច្ចរបស់បណ្តាប្រទេសដៃគូរពាណិជ្ជ កម្មសំខាន់ៗរបស់កម្ពុជា ដែលអាចនាំឲ្យ មានការកើនឡើង នៃតម្រូវការខាងក្រៅ និងការថមថយនៃអត្រាសម្ពាធអតិផរណា ស្របពេលដែលកម្ពុជាអាចដំណើរការសកម្មភាព សង្គមសេដ្ឋកិច្ច ជាប្រក្រតីឡើងវិញទាំងស្រុង និងបានរៀបចំព្រឹត្តិការណ៏ជាប្រវត្តិសាស្ត្រសំខាន់ៗ ដែលជុំរុញឲ្យមានការចំណាយក្នុងស្រុកកាន់តែសកម្ម។ ឈរលើមូលដ្ឋាននេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថានឹងបន្តងើបឡើង វិញ ក្នុងអត្រាកំណើនប្រមាណ ៦.៥% នៅឆ្នាំ២០២៣ ដែលគាំទ្រដោយវិស័យទេសចរណ៍ និងសេវាកម្មនិងបន្តភាពរឹងមាំនៃវិស័យកម្មន្តសាល មិនមែនកាត់ដេរ។
កំណើននៃភ្ញៀវទេសចរអន្តរជាតិ ការនាំចេញផលិតផលកម្មមន្តសាលមិនមែនកាត់ដេរ នៅបន្តមានភាពរឹងមាំទោះបីការនាំចេញ ផលិតផលកាត់ដេរមានការថមថយក៏ដោយ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ បញ្ជាក់ទៀតថា៖គិតត្រឹមរយៈពេល១០ខែក្នុងឆ្នាំ២០២៣ ការនាំចេញផលិតផលមិនមែនកាត់ដេរ នៅបន្តកំណើនរឹងមាំក្នុង រង្វង់ពី២៦.៥%។ ដូចគ្នាដែរបើគិតរយៈ ពេល៩ខែឆ្នាំ២០២៣ ភ្ញៀវទេសចរអន្តរជាតិ មានកំណើន២១០%ប្រមាណជិត ៤លាននាក់ ស្របពេលដែលភ្ញៀវទេសចរ ជាតិមានកំណើន៣១.១%ឬ១លាននាក់។
ជាមួយគ្នានេះ លំហូរវិនិយោគទុន ពីបរទេស មានកំណើនល្អជាងការរំពឹងទុក នៅក្នុងវិស័យកម្មមន្តសាលមិនមែនកាត់ដេរ រួម មានផលិតកម្មសំបកកង់ សូឡា ការវេចខ្ចប់ និងការកែច្នៃមួយចំនួនទៀត ។
សម្រាប់ឆ្នាំ២០២៤សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងទុកនឹងងើបឡើងយ៉ាងលឿន ក្នុងរង្វង់ប្រមាណ៦.៦% ដោយសារការត្រឡប់ទៅរកភាពល្អប្រសើរឡើងវិញ នៃសេដ្ឋកិច្ចសាកល ជាពិសេសប្រទេសដៃគូរ ពាណិជ្ជកម្មរបស់កម្ពុជា ត្រូវរក្សាបានចលនការល្អ ក្មុងនោះវិស័យទេសចរណ៍ និងវិស័យកម្មមន្តសាល វិស័យផ្សេងៗទៀតនៅបន្តកើនឡើង ដោយឡែកវិស័យកាត់ដេរ ត្រូវបានរំពឹងថា កើនឡើងជាងឆ្នាំ ២០២៣ កន្លងទៅ។
ក្នុងឱកាសនោះដែរលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា មានប្រសាសន៍ថា៖ ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាង ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាល រៀបចំដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រដ្ឋសភាបានកត់សំគាល់ថា ឆ្នាំ២០២៤ជាឆ្នាំដំបូង នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ហើយក៏ជាដំណាក់កាល ដែលកម្ពុជាបន្តការស្តារសង្គម សេដ្ឋកិច្ច របស់ខ្លួនឡើងវិញ។
លោក អនុប្រធានទី១នៃរដ្ឋសភា មានប្រសាសន៍បន្តថា៖ វឌ្ឍនភាព កក្តាប្រឈម និងសមិទ្ធផលសំខាន់ៗដែលរារដ្ឋាភិបាល សម្រេចបានក្នុងរយៈពេលកន្លងមក ក៏បង្ហាញពីទស្សនទានគន្លឹះនិងការវិភាគសេណារីយ៉ូ គ្រប់ជ្រុងជ្រាយទាំងកក្តាខាង ក្នុងនិងកក្តាខាងក្រៅ ក្នុងការរៀបចំគោល នយោបាយនេះ។ រាជរដ្ឋាភិបាលនីតិកាលទី៦ បានធានាផ្តល់ធនធានថវិកាសមស្រប សម្រាប់គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកប ដោយស្តង់ដារនិងគុណភាព ដែលទទួលបានទាំងអស់គ្នា។ ជាក់ស្តែង ទោះបីក្នុងស្ថានភាពវិបត្តិនៃជំងឺកូវូដ១៩ ក៏ដោយក៏រាជរដ្ឋាភិបាលបានផ្តល់ថវិកាគ្រប់គ្រាន់ដល់គ.ជ.ប រៀបចំការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ថាត់ មានសន្តិសុខ សុវត្ថិភាពមានសណ្តាប់ធ្នាប់ គ្មានអំពើហិង្សានិងគ្មានការគំរាមកំហែង៕