កណ្តាល៖ ប្រភពដែលទទួលបានពីលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឱ្យអង្គភាព “ អែស អរ អិន ” យើងដឹងនៅរសៀលនេះថា នៅថ្ងៃ អាទិត្យ ១៤រោច ខែ អស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១ និង ១០ នាទី មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) ស្ថឹតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុក អង្គស្នួល ខេត្តកណ្តាល ។
លោកអធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ហាំ ប៉ៃលិន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺមានសារធាតុញ្ញៀន។ក្នុងនោះវត្ថុតាងដកហូតរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យថាជាថ្នាំញៀន(ម៉ាទឹកកក)ចំនួន១២កញ្ចប់តូច ទម្ងន់0.31ក្រាម។
-ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
លោកអធិការនគរបាលស្រុកអង្គស្នួល បានបន្តឱ្យដឹងទៀតថា នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងល្បាតក្នុងភូមិសាស្ត្រ លុះដល់ចំណុចកេីតហេតុ បានប្រទះឃេីញជនសង្ស័យ០១នាក់ក៏ឃាត់សុំត្រួតពិនិត្យរកឃេីញថ្នាំញៀន១២កញ្ចប់តូច ទេីបឃាត់ខ្លួនសួរនាំបន្តនីតិវិធី ។ ជនសង្ស័យបានឆ្លេីយសារភាពថាថ្នាំញៀននេះ ទទួលបានពីមុខសញ្ញាឈ្មោះ វៃ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល យកទៅលក់ក្នុង១កញ្ចប់១០,០០០៛ ។
ដោយមានបទបញ្ជាពីលោកឧត្តមសេ នីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួមពីក្រុមប្រឹក្សាឃុំ មេភូមិ សាក្សី និងនៅចំពោះមុខជនសង្ស័យ បានអនុញ្ញាតឱ្យកម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ បានធ្វេីការឆែកឆេរផ្ទះជនសង្ស័យឈ្មោះ ហុក វៃ ដកហូតបាន ឧបករណ៍ប្រើប្រាស់ វេចខ្ចប់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយ៖ សិរី នាគ