(មណ្ឌលគិរី)៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវអំណោយជាសមិទ្ធផលសកម្មភាពមីនសម្រាប់ចុងឆ្នាំ២០២៣ ជូនដល់ប្រជាជនខេត្តមណ្ឌលគិរី ឱ្យរួចចាកផុតពីគំរាមកំហែងដោយសារមីន។ នេះជាការលើកឡើង នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តមណ្ឌលគិរី របស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរការប្រកាស ខេត្តមណ្ឌលគិរី ជាខេត្តអស់មីន។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា ខេត្តមណ្ឌលគិរី គឺជាខេត្តទី១៤ ប្រកាសជាខេត្តអស់មីន ដែលបានបោសសម្អាតចាប់ពីឆ្នាំ២០០២ ដោយប្រតិបត្តិករចំនួន៣ រួមមាន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ និងអង្គការម៉ែក ក្នុងទំហំផ្ទៃដីប្រមាណជា ១៧.៨៨៦.៥៦៤ ម៉ែត្រក្រឡា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍។ នេះគឺជាស្នាដៃប្រវត្តិសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រាប់ប្រជាជនខេត្តមណ្ឌលគិរីទាំងមូល ឱ្យទទួលបាននូវសេរីភាពរួចចាកផុតពីការគំរាមដោយសារមីនដែលជាមរតកពីសង្រ្គាម ក្រោមម្លប់សន្តិភាពកើតចេញពី នយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែងពលីស្វែងរកមកយ៉ាងលំបាក។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា ជាមួយនឹងផ្លែផ្កានៃសន្តិភាព ការងារបោសសម្អាតមីន ពិតជាបានរួមចំណែកធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ដែលកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តលើកឡើងអំពីភាពជោគជ័យនៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំនៅកម្ពុជា ដែលរាជរដ្ឋាភិបាលចំណាយថវិកាអស់ជាង ២០០ លានដុល្លារអាមេរិក ដើម្បីធានាសុខសុវត្ថិភាព និងសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងប្រទេស។ ជាមួយនឹងភាពជោគជ័យនេះ កម្ពុជា នឹងទទួលបាននូវការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ ហើយនៅឆ្នាំ២០២៤ ខាងមុខ កម្ពុជា មានកិតិ្តយសទទួលធ្វើជាប្រធាន នៃអនុសញ្ញាអូតាវ៉ា ដោយសម្រេចជ្រើសយកខេត្តសៀមរាប ជាទីកន្លែងសម្រាប់ធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលមានតំណាងមកពីរដ្ឋភាគី និងរដ្ឋអង្កេតការណ៍ប្រមាណជាង ២០០ប្រទេសចូលរួម។
ឯកឧត្តមបានបន្ថែមទៀតថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា នឹងធ្វើឱ្យគណៈប្រតិភូមកពីជាង ២០០ ប្រទេស ផ្លាស់ប្តូរផ្នត់គំនិតអវិជ្ជមានពីកម្ពុជា ក៏ដូចជាក្លាយជាឯកអគ្គរដ្ឋទូត ផ្សព្វផ្សាយដំណឹងល្អ និងវិជ្ជមានពីកម្ពុជា ទៅកាន់សកលលោក៕ដោយ៖ សិរី នាគ