Breaking News

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញឲ្យសមាគមមិត្តនគរបាលជាតិកម្ពុជា ធ្វើសកម្មភាពជាគុណប្រយោជន៍ដល់នគរបាល ជាសមាជិក!

ភ្នំពេញ ៖ ក្នុងពិធីបិទមហាសន្និបាតរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានវាយតម្លៃខ្ពស់ចំពោះការបំពេញតួនាទីភារកិច្ចអស់រយៈពេល ៤អាណត្តិ កន្លងទៅរបស់សមាគមមិត្តនគរបាលជាតិកម្ពុជា។ ទន្ទឹមនេះដើម្បីបំពេញតួនាទីភារកិច្ចឱ្យកាន់តែមានប្រសិទ្ធផលថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត បានថ្លែងលើកទឹកចិត្តដល់គណៈកម្មាធិការកណ្តាលអាណត្តិថ្មី ត្រូវរៀបចំឱ្យមានកម្មវិធីប្រជុំជាកំណត់មួយ  ដើម្បីពិនិត្យលើការងារដឹកនាំ និងដោះស្រាយបញ្ហាដែលកើតមានឡើង ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ចំពោះអង្គការចាត់តាំងតាមអង្គភាពនីមួយៗចំណុះក្រសួងមហាវិញ គួរពិនិត្យរៀបចំរចនាសម្ព័ន្ធឡើងវិញ ជាពិសេសតាមអគ្គនាយកដ្ឋាន ដែលទើបបង្កើតថ្មី។ 

ដើម្បីលើកកម្ពស់កិត្តិយសមន្ត្រីនគរបាលជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានជំរុញដល់គណៈកម្មាធិការអាណត្តិថ្មី ឱ្យពិចារណាបង្កើតក្រុមការងារ ឬអនុគណៈកម្មាធិការរៀបចំពិធីបុណ្យសពនៅតាមគណៈកម្មាធិការមូលដ្ឋាននីមួយៗ សម្រាប់ចាត់ចែងពិធីបុណ្យឱ្យបានសមរម្យ។ ដូចគ្នាដែរថវិការសម្រាប់ឧបត្ថម្ភដល់នគរបាលជាតិជាសមាជិករបស់សមាគមវិញ គប្បីពន្លឿនក្នុងផ្ដល់ជូនក្រុមគ្រួសារសព យ៉ាងយូរក្នុងរយៈពេល១២ថ្ងៃ នៃថ្ងៃធ្វើការ ដោយកុំអូសបន្លាយពេលយូរ។ 

ដោយឡែកចំពោះការផ្សព្វផ្សាយសកម្មភាពវិញ គណៈកម្មការនិពន្ធទស្សនាវដ្ដីមិត្តនគរបាល សូមបន្តបង្កើនការយកចិត្តទុកដាក់សម្រិតសម្រាំងទាំងរូបភាព និងខ្លឹមសារអត្ថបទឱ្យបានកាន់តែល្អទ្វេរដង ក៏ដូចជាពង្រីកការចុះផ្សាយសកម្មភាព ដែលបានចុះផ្ដល់ថវិកាឧបត្ថម្ភ និងការជួយរៀបចំពិធីបុណ្យសពផងដែរ។ រីឯការគ្រប់គ្រងសមាជិក ដើម្បីឱ្យស្របតាមគោលនយោបាយឌីជីថល និងភាពងាយស្រួល សមាគមមិត្តនគរបាលជាតិកម្ពុជា គួរសហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ និងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដើម្បីឈានទៅធ្វើទំនើបកម្មគ្រប់គ្រងឯកសាររបស់សមាជិក សមាជិកាតាមប្រព័ន្ធឌីជីថល ដោយមិនអាចនៅបន្តប្រតិបត្តិការតាមបែបប្រពៃណីទៀតឡើយ។

ក្នុងពិធីបិទមហាសន្និបាតនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ផ្ញើសារអំពាវនាវដល់បណ្ដាសប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តឧបត្ថម្ភគាំទ្រ សមាគមមិត្តនគរបាលជាតិកម្ពុជា ដើម្បីឱ្យសមាគមនេះកាន់តែរឹងមាំ និងរីកចម្រើនថែមទៀតនាពេលបច្ចុប្បន្ននិងអនាគត។ គួរកត់សម្គាល់ថា មហាសន្និបាត បានបោះឆ្នោតជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ធ្វើជាប្រធាន និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានកិត្តិយស៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *