ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ បានធ្វើការឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យចំនួន ៤១នាក់ សង្ស័យពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងអនឡាញខុសច្បាប់ កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចមុខសាលាអូស្ត្រាលី ស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ការចុះបង្ក្រាប់នេះធ្វើឡើង ដោយយោងតាមពាក្យបណ្តឹងពីនារីម្នាក់ជាជនជាតិវៀតណាម អាចនិយាយភាសាខ្មែរ បានអះអាងថា ប្អូនប្រុសរបស់នាងត្រូវបានគេចាប់ជំរិតទារប្រាក់ចំនួន ២៥០០ដុល្លារ ក្រោយពីពួកគេល្បួងឱ្យមកធ្វើការនៅក្រុងបាវិត ខេត្តស្វាយរៀង ប៉ុន្តែក្រុមឧក្រិដ្ឋជនបានចាប់បញ្ជូនមកកាន់រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដោយឡែក ស្ត្រីជាបងស្រីរបស់ជនរងគ្រោះបានឱ្យដឹងថា អំឡុងពេលដែលអាជ្ញាធរនាំមកកាន់ទីតាំងចាប់បង្ខាំង ដែលស្ថិតនៅតាមបណ្តោយផ្លូវបុរីអង្គរ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយប្អូនប្រុសរបស់នាងបានផ្ញើសារទីតាំងដែលក្រុមចាប់ជំរិតនោះមកឱ្យនាង ទើបបានជានាងដឹងទីតាំងច្បាស់បែបនេះ ហើយក៏បានរាយការណ៍ជូនសមត្ថកិច្ចមកទីតាំងខាងលើនេះតែម្ដង។
ក្នុងរង្វង់ប្រតិបត្តិការនេះយោងតាមរបាយការណ៍កម្លាំងនគរបាល បានឲ្យដឹងថា កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានខណ្ឌឫស្សីកែវ និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានចុះដល់ទីតាំងឡោមព័ទ្ធមួយកន្លែង និងឃាត់ខ្លួនជនសង្ស័យចំនួន៤១នាក់ ក្នុងនោះមានជនជាតិបរទេសចំនួន ៣៣នាក់ ស្រីម្នាក់ ជនជាតិខ្មែរចំនួន ៨នាក់។
ក្រោយប្រតិបត្តិការកម្លាំងជំនាញបានធ្វើការដកហូតរថយន្តចំនួន ៤គ្រឿង រួមមានរថយន្តម៉ាក រ៉ូសរ៉ូយ១គ្រឿង ម៉ាកធន់ត្រាមួយគ្រឿង ម៉ាកអាល់ហ្វាតមួយគ្រឿង ម៉ាកឡង់គ្រីស័រ មួយគ្រឿង ទូរសព្ទដៃចំនួន ១៧គ្រឿង និងម៉ូតូ២ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំយកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី៕