ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រយះពេល៣ខែនេះ យើងមិនមែនជារាជរដ្ឋាភិបាលដេក និងចេះតែដើរខ្ចីលុយគេនោះទេ។»។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)នាព្រឹកថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ពីមុនគេថា សម្តេចតេជោ ជារដ្ឋាភិបាលស្ម៉ំ តែឥឡូវគេថា រាជរដ្ឋាភិបាល៩០ថ្ងៃនេះ ជារដ្ឋាភិបាលដេក និងដើរតែខ្ចីលុយគេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «៩០ ថ្ងៃនេះ យើងមិនបានដេកទេ យើងបានទាក់ទាញអ្នកវិនិយោគ ការទាក់ទងបើកច្រកទំនាក់ទំនងទេសចរណ៍ ទំនាក់ទំនងប្រជាជន និងប្រជាជន យើងមិនដេក និងចេះតែដើរខ្ចីលុយគេនោះទេ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពាក់ព័ន្ធនឹងការខ្ចីលុយពីបរទេសថា «ប្រសិនបើមិនខ្ចីថវិកាបរទេសដើម្បីកសាងផ្លូវសំរាប់ប្រជាពលរដ្ឋប្រើសិនទេ សួរថាពេលណាទើបអាចយកថវិកា ជាង៦០០លានដុល្លាមកកសាងផ្លូវបាន ?។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា« យើងខ្ចី តែយើងមានការទទួលខុសត្រូវ អាចមានលទ្ធផលសង ហើយខ្ចីយកមកវិនិយោគត្រឹមត្រូវ ជួយផ្តល់ប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ យើងបានគិតគូច្បាស់ពីគម្រោងចំណាយលើការវិនិយោគ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាលនិតិកាលទី៧នេះ បានផ្តល់អាទិភាពគន្លឹះចំនួន៥ រួមមាន “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” យើងលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យ ដឹកជញ្ជូន និងឡូជីស្លឹក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល” ដែលជាសរសៃរឈាមរស់ទាំងអស់គ្នា ៕