Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាអញ្ជើញសម្ពោធជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត)

ភ្នំពេញ៖ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) ប្រវែងសរុបជាង២៤៦គីឡូម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) ប្រវែងជាង៣៥គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុនត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (H.E Mr. UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែវិច្ជិកា ឆ្នាំ២០២៣ នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា «ពិធីសម្ពោធ និងពិធីបើកការដ្ឋានដែលយើងកំពុងរៀបចំប្រារព្ធឡើងនៅថ្ងៃនេះ គឺជាសក្ខីភាព មួយបង្ហាញថា កម្ពុជាកំពុងតែមានភាពរីកចម្រើនគួរជាទីមោទកៈលើការអភិវឌ្ឍវិស័យហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវបានសាងសង់ឡើងឱ្យមានភាពប្រទាក់ក្រឡាពាសពេញផ្ទៃប្រទេស និង ប្រកបដោយគុណភាពនៅក្នុងយុគសម័យសន្តិភាព។ កំណាត់ផ្លូវជាតិលេខ៥ ដែលកំពុងសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងចំណោមសមិទ្ធផលជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេស ដែលជាមរតកមិនអាចកាត់ថ្លៃបានពីរាជរដ្ឋាភិបាល អាណត្តិមុន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

សូមជំរាបថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីដើមឡើយ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីស្ពានព្រែកក្តាម ខេត្តកណ្តាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យបែងចែកជា ៣កំណាត់ រួមមាន៖ កំណាត់ផ្លូវភាគ ខាងត្បូង(ព្រែកក្តាម-ធ្លាម្អម), កំណាត់ផ្លូវភាគកណ្តាល(ធ្លាម្អម-បាត់ដំបង) និងកំណាត់ផ្លូវភាគ ខាងជើង(បាត់ដំបង-សិរីសោភ័ណ) ដោយបានប្រើប្រាស់រយៈពេលសាងសង់សរុបចំនួន ៧ឆ្នាំ និង ចំណាយថវិកាសរុបប្រមាណ ៦៩១លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាល នៃប្រទេសជប៉ុន»។

កំណាត់ផ្លូវភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ)បានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន។ ដោយឡែកកំណាត់ផ្លូវចំនួន២ទៀត រួមមានកំណាត់
ផ្លូវភាគខាងត្បូង និងកំណាត់ផ្លូវភាគកណ្តាល បានបញ្ចប់ការសាងសង់ជាស្ថាពរនៅខែឧសភាឆ្នាំ២០២៣ និងកំពុងរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *