ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែផ្តល់តម្លៃខ្ពស់ចំពោះសន្និសីទចក្ខុវិស័យប្រទេសកម្ពុជា»។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា “សន្និសីទនេះ ជាវេទិកានៃការប្តូរយោបល់ត្រង់ទៅត្រង់មក”។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមានក្តីសោមនស្សរីករាយ ដែលបានអញ្ជើញបើកសន្និសីទចុក្ខវិស័យប្រទេសកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សន្និសីទចក្ខុវិស័យប្រទេសកម្ពុជា គឺវេទិកាមួយ ដែលផ្តល់ឱកាសឱ្យគ្រប់តួអង្គទាំងអស់ ជាពិសេសស្ថាប័នសិក្សាស្រាវជ្រាវ បានជួបជជែកគ្នាទៅលើបញ្ហា ទាំងឡាយ ដើម្បីកិច្ចអភិវឌ្ឍន៍។
សូមជំរាបថា កម្ពុជាបានកំណត់គោលដៅប្រកបដោយមហិច្ឆិតា ក្នុងការប្រែក្លាយទៅជាប្រទេស ដែលមាន ចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានសេដ្ឋកិច្ចជឿនលឿននៅឆ្នាំ២០៥០។ ដើម្បីស្វែងរក មាគ៌ា ឆ្ពោះទៅមុខ វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានផ្តួចផ្តើមការ ស្រាវជ្រាវយ៉ាងទូលំទូលាយមួយ ដើម្បីរួមចំណែកដល់ចក្ខុវិស័យនេះ។
សន្និសីទឆ្នាំ២០២៣ នេះមានក្រុមពិភាក្សាសំខាន់ៗចំនួន ៣ វគ្គ។ វគ្គពិភាក្សានីមួយៗ ត្រូវបានរៀបចំឡើងដោយផ្តោតលើបញ្ហាសំខាន់ៗ អំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា អាទិភាពនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងសក្កានុពលក្នុងការដកស្រង់បទពិសោធ ដើម្បីធ្វើឱ្យមានការរីកចម្រើនតាមគន្លងអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ កិច្ចពិភាក្សាជានីមួយៗ មានគោលបំណងផ្តល់ នូវការយល់ដឹងជាក់ស្តែង ជំរុញឱ្យមានកិច្ច សន្ទនាស៊ីជម្រៅ និងផ្តល់នូវការយល់ដឹងទូលំទូលាយ អំពីទិដ្ឋភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា៕