Breaking News

សម្ដេចនាយករដ្ឋមន្ដ្រី៖ ទោះបីជួបភ្លៀងផ្គរ កម្ពុជានៅតែរក្សាជំហរមហិច្ឆតា ក្លាយជាប្រទេស ចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០

ភ្នំពេញ៖ ​រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះជាការថ្លែងបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ​

ថ្លែងក្នុង«សន្និសីទចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០២៣ ស្តីពី ចក្ខុវិស័យ ប្រទេសកម្ពុជាឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន» នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ក្នុងស្ថានភាពនេះ កម្ពុជាមិនត្រឹមប្រយុទ្ធសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្ដែត្រូវប្រយុទ្ធក្នុងសមូរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជា សេដ្ឋកិច្ច ដោយរួមបញ្ជូលការរក្សាលំនឹងអាជីវកម្ម លំនឹងជីវិភាពប្រជាពលរដ្ឋ ជាដើម ទោះបីក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្ដី ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជា បានយកឈ្នះជំងឺកូវីដ-១៩ និងឈានទៅបើកប្រទេសឡើងវិញ។

«ទោះបីកម្ពុជា បន្ដរងនូវផលប៉ះទង្គិចពីវិបត្តិកូវីដ-១៩ និងវិបត្តិផ្សេងៗទៀត ក៏កំពុងបន្ដកើនឡើង រាជរដ្ឋាភិបាលកម្ពុជា មិនបានបោះបង់ ឬផ្លាស់ប្ដូរនូវទិសដៅអនុវត្តរយៈពេលវែងនោះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាគោលដៅសម្រេចមហិច្ឆតារបស់ខ្លួនដដែល គឺកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។

​សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា យុទ្ធសាស្រ្ដបញ្ចកោណ ប្រកាន់យកទស្សនៈវែងឆ្ងាយដោយកំណត់ទិសដៅអាទិភាព និងអនុវត្តជា ៥ដំណាក់កាល ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យវែង ឈរលើបេសកកម្មជាប្រវត្តិសាស្រ្ដចម្បងចំនួន២ គឺ ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចមកបានដោយលំបាក ជា​មួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនានៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម និង កសាង និងពង្រឹង​មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា មិនឈប់ត្រឹមការដាក់ចេញនូវយុទ្ធសាស្រ្ដប៉ុណ្ណោះទេ តែបានដាក់ចេញនូវកម្មវិធីយន្ដការកំណែទម្រង់ និងវិធានការជាក់ស្ដែងជាបន្តបន្ទាប់ ដោយក្នុងរយៈពេល ៣ខែកន្លងទៅនេះ រាជរដ្ឋាភិបាល អាណត្តិទី ៧ បានដាក់ជាបន្តបន្ទាប់នូវកម្មវិធីគោលនយោបាយ អាទិភាពចំនួន ៥ ត្រូវបានប្រកាស និងដាក់ឲ្យចាប់ផ្ដើមអនុវត្តរួចរាល់ហើយ៕

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *