Breaking News

អភិបាលរាជធានីភ្នំពេញ៖ កងកម្លាំងគ្រប់គ្រប់ប្រភេទ បានត្រៀមរួចជាស្រេចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក

ភ្នំពេញ៖ កងកម្លាំងគ្រប់គ្រប់ប្រភេទ បានត្រៀមរួចជាស្រេចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣នេះ ដែលនឹងប្រព្រឹត្តទៅ3ថ្ងៃពីថ្ងៃទី២៦ដល់២៨ វិច្ឆិកា។ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវយកស្មារតីទទួលខុសត្រូវ ការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ថ្វាយអង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាតិកំពូលៗ ភ្ញៀវជាតិ និងអន្តរជាតិ និងប្រជាពលរដ្ឋ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដើម្បីឱ្យព្រះរាជពិធីនេះ ប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ។ 

លោក ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់កងកម្លាំងជាង ១ម៉ឺននាក់ នៅតាមគោលដៅសំខាន់ៗ ចំនួន ១៤គោលដៅ ខណៈព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅឆ្នាំនេះ គឺចំនួន ទូកនិងកីឡាអុំទូក មានការកើនឡើង និងស្របពេលរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានរៀបចំព្រះរាជពិធីបុណ្យនេះ បានអធិកអធមជាងឆ្នាំកន្លងទៅ បន្ទាប់ពិធីបុណ្យនេះ បានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ១៩ ។ 

ថ្លែងនៅក្នុងពិធីចុះត្រួតពិនិត្យទីតាំងគណៈបញ្ជាការស្រាល នៅមុខវាលព្រះមេរុហ៍នៅព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនំាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវត្រៀមលក្ខណៈ បំពេញតួនាទីភារកិច្ច ដោយការទទួខុសត្រូវ ដើម្បីទទួលស្វាគមន៍ និងធានាការពារសុខសុវត្ថិភាព និងសន្តិសុខ ជូនប្រជាពលរដ្ឋដែលបានមកលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។ 

លោក បានមានប្រសាសន៍ថា “សូមឱ្យកងកម្លាំងយើងទាំងអស់ យកស្មារតីទទួលខុសត្រូវខ្ពស់ ដោយត្រូវគិតថា ភារៈកិច្ចរបស់យើងគឺជាការចាំបាច់ ដែលប្រជាពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្ត និងជឿជាក់មកលើកងកម្លាំងរបស់យើងជារៀងរហូតមក និងសូមយើងទាំងអស់គ្នាយកស្មារតី និងទំនុកចិត្តរបស់ពួកគាត់នេះ ខិតខំប្រឹងប្រែងធ្វើយ៉ាងណា ការពារពួកគាត់ឱ្យបានល្អប្រសើរទៅតាមការទុកចិត្តរបស់ពួកគាត់មកលើយើង។” 

លោកអភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណនូវស្មារតីទទួលខុសត្រូវរបស់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំប្រឹងប្រែង ធ្វើកិច្ចការងាររក្សាសន្តិសុខសណ្តាប់ធ្លាប់។ លោក បន្ថែមថា ដោយមានការយកចិត្តទុកដាក់ ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបាន ឧបត្ថម្ភថវិកាមួយចំនួន ជូនដល់កងកម្លាំងគ្រប់ប្រភេទ ដែលឈរជើងនៅតាមគោលដៅនានា ក្នុងកិច្ចការងារការពារ សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក។ 

ជាងនេះទៅទៀត គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈក្នុងការរៀបចំទំនុកបម្រុងដើម្បីជូនកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បំពេញតួនាទីភារៈកិច្ចឱ្យកាន់តែប្រសើរ៕

Check Also

ក្រសួងមហាផ្ទៃ បានដាក់ចេញប្រកាសស្ដីពីការបង្កើត និងដាក់ឱ្យប្រើប្រាស់និមិត្តសញ្ញារដ្ឋបាលក្រុងសំពៅពូន នៃខេត្តកណ្ដាល!

Leave a Reply

Your email address will not be published. Required fields are marked *