ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានទទួលជួប លោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុងជំនួបនោះ លោក កែវ រ៉េមី បានលើកឡើងថា ប្រទេសកម្ពុជានៅតែប្ដេជ្ញាបន្តថែរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ ក្នុងការធានាសិទ្ធិមនុស្ស ជាពិសេសគឺ សិទ្ធិរស់រានមានជីវិត។ ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលដឹកនាំដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈអាទិភាព ៦ចំណុច គឺ៖
ទី១. ពង្រីកសេវាថែទាំសុខភាពគ្របដណ្តប់សុខភាពជាសាកលនៅពេលមានជំងឺ មន្ត្រីរាជការស៊ីវិល កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ត្រូវបានទទួលការគាំពារពីរាជរដ្ឋាភិបាល។
ទី២. យុវជនដែលរស់នៅក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានការបណ្តុះបណ្តាល វិជ្ជាជីវៈជំនាញ ដើម្បីអាចប្រកបរបរចិញ្ចឹមជីវិត ហើយការទទួលបាននូវការបណ្តុះបណ្តាលនេះ ធ្វើឡើងដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភក្នុងអំឡុងពេលបណ្តុះបណ្តាល ថែមទៀតផង។
ទី៣. ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះនឹងទទួលបានកម្មវិធីជំនួយសង្គម ដែលជាកម្មវិធីជាតិរឹងមាំ ពោលគឺពេលមានវិបត្តិ ឬហានិភ័យផ្សេងៗ។ កម្មវិធីនេះនឹងរង់ចាំជួយពួកគាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ទី៤. អ្នកប្រកបរបរក្រៅប្រព័ន្ធ នឹងទទួលបាននូវការយកចិត្តទុកដាក់ ដោយទទួលបានអត្ថប្រយោជន៍ ដូចអ្នកប្រកបរបរក្នុងប្រព័ន្ធដែរ នៅពេលដែលពួកគេជួបវិបត្តិ ឬហានិភ័យនានា តាមរយៈរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ក្នុងការបង្កើនការងារ និងការកែលម្អជីវភាពប្រជាជន។
ទី៥. ប្រជាកសិករ នឹងទទួលបាននូវការគាំពារតាមយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន ការផ្តល់ប្រាក់កម្ចី ដើម្បីប្រកបរបរកសិកម្ម ពិសេសគឺ ការការពារតម្លៃកសិផលឱ្យបានសមរម្យ ដោយមិនឱ្យកសិករខាតបង់។
ទី៦. រាជរដ្ឋាភិបាល នឹងបញ្ជូនមន្ត្រីបច្ចេកទេសកសិកម្មទៅជួយកសិករនៅគ្រប់ឃុំ-សង្កាត់ ដែលមាន កសិករ និងបង្កើតសហគមន៍កសិករទូទាំងប្រទេស ដើម្បីការពារផលប្រយោជន៍កសិករ។
លើសពីនេះ រាជរដ្ឋាភិបាលនឹងធ្វើការតភ្ជាប់បណ្តាញអគ្គិសនីដល់គ្រប់ភូមិឱ្យបានមុនឆ្នាំ២០៣០ និងមិនប្រើប្រាស់ធ្យូងថ្ម ក្នុងបង្កើតអគ្គិសនីឡើយ ព្រមទាំងដាក់ពង្រាយសេវាអ៊ីនធឺណិតទៅគ្រប់សាលាឃុំ សាលារៀន និងមណ្ឌលសុខភាព ចាប់ពីឆ្នាំ២០២៤។
ទន្ទឹមនេះ ចំពោះសេចក្តីព្រាងរបាយការណ៍ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ លើកទី៤ ជាការបង្ហាញនូវលទ្ធល ដែលកម្ពុជាសម្រេចបានក្នុងការអនុវត្តអនុសាសន៍ចំនួន ១៧៣ ដែលបានទទួលយកកាលពីឆ្នាំ២០១៩។ របាយការណ៍នេះ បានបញ្ចប់កិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេក ហើយនឹងដាក់ពិគ្រោះយោបល់ជាមួយអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ទៀតនឹងដាក់ប្រជុំក្រុមការងារអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ មុននឹងស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ជូនទៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបន្តនីតិវិធី។
ចំពោះសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លោក កែវ រ៉េមី បានគូសបញ្ជាក់ថា គ.ស.ម.ក បានសហការជាមួយនឹងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) រៀបចំកិច្ចពិគ្រោះយោបល់ចំនួន ៣២លើក ដែលមានទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់តំបន់អាស៊ាន ជាមួយភាគីពាក់ព័ន្ធ ដូចជាសហជីពគ្រឹះស្ថានឧត្តមសិក្សា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការសង្គមស៊ីវិល ដែលធ្វើការជាមួយជនមានពិការភាព ស្ត្រី កុមារ ប្រព័ន្ធផ្សព្វផ្សាយ មន្ទីរអង្គភាពជុំវិញខេត្ត ស្ថាប័ន នីតិបញ្ញត្តិ ស្ថាប័នជាតិសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន អាយឆា និង APF។ ជាសរុប សេចក្តីព្រាងច្បាប់នេះ បានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ រួចស្រេចហើយ។
លោក កែវ រ៉េមី ក៏បានលើកឡើងពីចំណុចវិជ្ជមានរបស់កម្ពុជាផងដែរ ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា ដោយកម្ពុជាមិនបានរឹតត្បិត ឬដាក់ទោសចំពោះអ្នកស្រឡាញ់ភេទដូចគ្នា និងបានទទួលប្រសាសន៍ការណែនាំដ៏ខ្ពង់ខ្ពស់ បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កុំឱ្យមានការរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅពីនេះ ក៏បានលើកឡើងដែរថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារ មានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទទួលបានរបបអាហារតាមការកំណត់របស់ច្បាប់ស្តីពីពន្ធនាគារ ទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈក្នុងពេលជាប់ឃុំ មានម៉ោងសម្រាប់ហាត់ប្រាណ ទទួលបាននូវការថែទាំជំងឺ មានបណ្ណាល័យសម្រាប់អានសៀវភៅ និងមានកន្លែងសម្រាប់ធ្វើពិធីសាសនាផ្សេងៗ។
ក្នុងជនួបនោះផងដែរ លោក វីទីត មុនតាប៊ន បានសម្តែងនូវការកោតសរសើរចំពោះប្រទេសកម្ពុជា ដែលមាន វឌ្ឍនភាពជាវិជ្ជមានលើវិស័យសិទ្ធិមនុស្ស ជាពិសេសការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ និងបានថ្លែងអំណរគុណចំពោះ គ.ស.ម.ក ដែលបានរៀបចំកិច្ចជំនួបនេះ ប្រកបដោយបរិយាកាសស្និទ្ធស្នាល យោគយល់ និងនាំមកនូវលទ្ធផលគួរជាទីមោទកៈ៕