ភ្នំពេញ៖ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ឱ្យដឹងថា តាមរយៈការផ្សព្វផ្សាយ និងការទទួលពាក្យសុំចូលប្រឡងប្រជែងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន២៥០នាក់ សម្រាប់ឆ្នាំ២០២៣នេះ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកាមានបេក្ខជនដាក់ពាក្យចូលរួមមានចំនួន ១២ ៧៤៤នាក់ ហើយអ្នកដែលបានបំពេញបែបបទ និងគ្រប់លក្ខខណ្ឌ ដែលបានវាយតម្លៃត្រឹមត្រូវ អាចចូលរួមប្រឡងប្រជែងបានមានចំនួន ៣៣២៩នាក់។
លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣» នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនទាំង ៣៣២៩នាក់នេះ បានបង់ប្រាក់តម្កល់រួចរាល់អស់ហើយ និងត្រៀមប្រឡងប្រជែង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ។
លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានពន្យល់ថា អ្នកដាក់ពាក្យមានច្រើនតែមិនត្រូវនឹងលក្ខខណ្ឌដែលតម្រូវ ដូចជាបេក្ខជនខ្លះមានអាស័យដ្ឋានមិនសមស្រប ទៅនឹងតាំងដែលបានដាក់ពាក្យបម្រើការងារ និងខ្លះទៀតមានជំនាញមិនត្រូវលក្ខខណ្ឌតម្រូវ ជាដើម។
លោករដ្ឋមន្ត្រីបន្ថែមថា ការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំទាំង ២៥០រូបនេះ មានការចូលរួមពីក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ប្រកាន់យកនូវពាក្យស្លាក «អ្នកចេះ គឺជាប់» ដោយគ្នានឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ផងដែរ៕