Breaking News

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣ នៅខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ) ៖ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំខេត្តបន្ទាយមានជ័យ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយលោកស្រី Alissar Chaker ប្រធានអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣។ 

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ លោកស្រី Chintana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី លោក Na Sang-deok តំណាងស្ថានទូតនៃសាធារណរដ្ឋកូរ៉េ លោកស្រី Choi Moon Jung នាយិកា KOICA និងក្រុមការងារផែនការសកម្មភាពមីនខេត្តបន្ទាយមានជ័យ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់ UNDP ត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។ ចាប់តាំងពីឆ្នាំ២០០៦ គម្រោងនេះបានរំដោះផ្ទៃដីមានមីនចំនួន ៣៤៨ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួន ១.១៨២.៩៨៦ នាក់។ ដោយឡែកសម្រាប់ការអនុវត្តគម្រោងបោសសម្អាតដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២០ ផ្ទៃដីប្រមាណ ១០៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងមានអ្នកទទួលផលចំនួន ១៦៣.៧២៨ នាក់ ដែលជាលទ្ធផលសម្រេចបានលើសគោលដៅកំណត់។ 

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីសមិទ្ធផលនៃសកម្មភាពមីននៅកម្ពុជា ដែលចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានធ្វើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២.៧៦១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។ ឯកឧត្តមទេសរដ្ឋមន្រ្តី ជឿជាក់ថា បញ្ចប់ឆ្នាំ២០២៣ខាងនេះ ផ្ទៃដីបោសសម្អាតរួចនឹងកើនឡើងរហូតដល់ ២.៩៥០ គីឡូម៉ែត្រក្រឡា។

តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការគាំទ្រប្រកបដោយសប្បុរស និងការបន្តគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ ក្នុងចំណោមម្ចាស់ជំនួយដទៃទៀត ចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា កិច្ចសង្រ្គោះជនរងគ្រោះ ការអប់រំពីមីន និងការបញ្រ្ជាបយេនឌ័រក្នុងសកម្មភាពមីននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះលោកស្រី Alissar Chaker ដែលបានប្តេជ្ញាចិត្តក្នុងការចូលរួមក្នុងសកម្មភាពមីននៅកម្ពុជា តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ព្រមទាំងបានចាត់ទុកកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងអង្គការ UNDP គឺជាដៃគូដ៏យូរអង្វែង និងមានទំនាក់ទំនងយ៉ាងល្អអស់រយៈពេលជាច្រើនឆ្នាំ។

លោកស្រី Alissar Chaker បានកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដែលក្នុងនោះ អជ្ញាធរមីនបានបញ្ច្រាយេនឌ័រទៅក្នុងសកម្មភាពមីន និងអនុវត្តស្របតាមរបៀវារៈឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។ លោកស្រីគូសបញ្ជាក់ថាសកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន។

ជាងនេះទៅទៀត តំណាងស្ថានទូតដែលជាម្ចាស់ជំនួយក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោង ក្រោមការដឹកនាំរបស់អាជ្ញាធរមីន និងប្តេជ្ញាបន្តការគាំទ្រសកម្មភាពមីននៅកម្ពុជា៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *