ភ្នំពេញ៖ លោក តាន់ ហ្សង់ ហ្វ្រង់ស្វ័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមយល់ឃើញថា ប្រទេសជិតខាងទាំងពីរ ត្រូវតែបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច បន្ថែមពីលើគ្រប់ខណ្ឌយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចបន្តជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារបន្ថែម។
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេស នៅក្នុងសុខសន្តិភាព ជាមួយបណ្ដាប្រទេសជិតខាង តំបន់ និងឆាកអន្តរជាតិ។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី រយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា នៅលើវិស័យនយោបាយ, សម្ដេចធិបតី បានបញ្ជាក់មិនផ្លាស់ប្ដូរនៃនយោបាយការបរទេសប្រទេសកម្ពុជា នោះគឺបន្តថែរក្សានូវមិត្តភាព ដែលមានជាប្រពៃណី សន្តិភាពកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរវង្វែងរវាងគ្នានិងគ្នា។
នៅលើវិស័យពាណិជ្ជកម្ម, សម្ដេចអធិបតី និងថ្នាក់ដឹកនាំវៀតណាមប្ដេជ្ញាបន្តបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរថែមទៀត ខណ:ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម មានប្រមាណ១០ ប៊ីលានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២២៕