Breaking News

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ក្រោយចប់ទស្សនកិច្ចផ្លូវការ នៅវៀតណាម

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា វិលត្រឡប់មកដល់មាតុភូមិវិញហើយ ប្រកបដោយសុវត្ថិភាព និងលទ្ធផលការងារផ្លែផ្កា បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម។

ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ផាម មិញ ជិញ (PHAM Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញ ជិញ ក្នុងគោលបំណងបន្តពង្រឹង និងពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមានអប់រំ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ ទេសចរណ៍ វប្បធម៌ សន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែនជាដើម។ បញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម ក៏បានលើកយកមកពិភាក្សាផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម នឹងកាន់តែរីកចម្រើនរឹងមាំ ស្របតាមស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុយជ្រោយ និងស្ថិរភាពយូរអង្វែង។
លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចនាយករដ្ឋមន្ត្រី នោះនាវាកម្ពុជានឹងកាន់តែអភិវឌ្ឍខ្លាំងក្លាទៅមុខបន្ថែមទៀត ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០ ជាក់ជាមិនខាន។

ថ្នាក់ដឹកនាំទាំងពីរ បានជម្រាបជូនគ្នាទៅវិញទៅមកអំពីស្ថានភាព នៃប្រទេសទាំងពីរ ពាក់ព័ន្ធនឹងទិដ្ឋភាពនយោបាយ សង្គម និងសេដ្ឋកិច្ច ក៏ដូចជាបានធ្វើការពិភាក្សា និងវាយតម្លៃលើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងរយៈកាលកន្លងមក ព្រមជាមួយនឹងការដាក់ចេញនូវទិសដៅ ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កាបន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជនទាំងពីរ ជាពិសេសវិស័យនយោបាយ, ពាណិជ្ជកម្ម, វិនិយោគ, ទេសចរណ៍, សុខាភិបាល, អប់រំ, ការតភ្ជាប់, ការពារជាតិ, សន្តិសុខ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ។
ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់ផងដែរ អំពីកិច្ចការតំបន់ និងសាកល ដោយបានបង្ហាញ នូវការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិនានា ដូចជា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ, អាស៊ាន និងអនុតំបន់មេគង្គ ជាដើម។

ក្រោយពេលបានជួបពិភាក្សា, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ បានធ្វើជាសហធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ០៣៖

ទី១- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម ។

ទី២- អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនង អន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម ។

ទី៣- អនុស្សរណៈនៃការយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។

សូមជម្រាបថា ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចផ្លូវការនេះ ក្រៅតែពីជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម, សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបពិភាក្សាការងារ ជាមួយលោក ង្វៀន ហ៊្វូចុង (Nguyen Phu Trong) អគ្គលេខាធិការ នៃបក្សកុម្មុយនីស្តវៀតណាម, ជួបពិភាក្សាជាមួយ លោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, ជួបប្រធានរដ្ឋសភាវៀតណាម និងជួបពិភាក្សាការងារ ជាមួយបណ្តាថ្នាក់ដឹកនាំ ក្រុមហ៊ុនវិនិយោគធំៗមួយចំនួនផងដែរ៕

Check Also

លោកគ្រូ វ៉ែន ស៊ីនួន ម្ចាស់ឱសថបូរាណខ្មែរសញ្ញាដើមអង្គាបុស្ប ដែលល្បីតៗគ្នាជាង៣០ឆ្នាំ ពូកែព្យាបាលលើជម្ងឺ ឬសដូងបាត បញ្ជាក់ពីមានអ្នកជម្ងឺរាប់ម៉ឺននាក់ បានព្យាបាលដោយជោគជ័យឱ្យមានសុខភាពល្អប្រសើរឡើងវិញ

Leave a Reply

Your email address will not be published. Required fields are marked *