Breaking News

រដ្ឋមន្ដ្រីមហាផ្ទៃ អះអាងថា មិនមានពលរដ្ឋកម្ពុជា ជាប់ក្នុងការបង្ខិតបង្ខំធ្វើការខុសច្បាប់ រហូតដល់ជាង ១០ម៉ឺននាក់ ដូចការចោទប្រកាន់ទេ

ភ្នំពេញ៖ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស សុខា បានច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូចការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ។

លោក ស សុខា បានអះអាងដូចនេះ ក្នុងខួបលើកទី១៧ ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»។ ពិធីនេះ ធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ ដែលមានអ្នកចូលរួមជាង ៣០០០នាក់ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

លោក ស សុខា បានអះអាងថា ក្នុងរយៈពេល១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១,២១៣ករណី គឺប្រមាណ៩៧.៧០%។ ក្នុងនោះ ករណីបង្ខំធ្វើការដោយខុសច្បាប់ មានចំនួន ២៥៩នាក់ ស្រី៤៨នាក់ មាន៧សញ្ជាតិ ដែលបានសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស។ សមត្ថកិច្ចស្វែងរកចាប់ជនសង្ស័យប្រព្រឹត្តបទល្មើស បាន៩១នាក់ (មានបីសញ្ជាតិ) ក្នុងករណីបង្ខាំង និងជនសង្ស័យ ៣៥នាក់ (មាន៤សញ្ជាតិ)។

ពាក់ព័ន្ធករណីជួញដូរមនុស្សបញ្ចូនទៅតុលាការ បិទទីតាំងប្រព្រឹត្តបទល្មើសមានចំនួន ៥ទីតាំង និងបើកការស៊ើបអង្កេតករណ៍សម្អាតប្រាក់សរុប ១០ករណី។

ក្នុងតួនាទីជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស សុខា តាមរយៈវេទិកានេះ បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកថា «ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧» ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពលនៃ ធនធានមនុស្ស សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

លោក ស សុខា ក៏បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ត្រូវពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានហ្មតចត់។ លើសពីនេះ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឲ្យធ្លាក់ខ្លួន ក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈឲ្យបានល្អ, ពង្រឹងនូវការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះឲ្យបានត្រឹមត្រូវ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឲ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឲ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ
និងប៉ះពាល់ផលប្រយោជន៍ របស់ពលករ៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *